រាជធានីបាងកក៖ បុរសកំណាចម្នាក់ ចង់បានតែកូនប្រុស សម្រាប់ស្នងត្រកូល លុះកូនទី២កើតមកស្រីទៀត ក៏បីយកទៅជ្រមុជសម្លាប់ចោល នៅក្នុងទឹកចានបង្គន់ ទើបសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងស្រុក Muang ខេត្ដឈៀងម៉ៃ ប្រទេសថៃ។

មន្រ្ដីប៉ូលិសស្រុក Muang បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ Aye អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិស្រុកខាងលើ។ ជននេះត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសារសង័្សយពីការសម្លាប់ទារិកា ទើបនឹងកើតបាន៦ថ្ងៃ។

ប៉ូលិសបានឲ្យដឹងតាមការសាកសួរម្ដាយរបស់ទារិការងគ្រោះថា ប្ដីរបស់គាត់ (ជនសង័្សយ ឈ្មោះ Aye) ជាសែស្រឡាយចិន ហើយគេចង់បានកូនប្រុស សម្រាប់ស្នងត្រកូល។ ប៉ុន្ដែកូនរបស់គាត់ទី១ កើតមកស្រី ហើយកូនទើបនឹងកើតមកនេះក៏ស្រីទៀត ទើបធ្វើឲ្យប្ដីរបស់គាត់ជាជនសង័្សយ មិនសប្បាយចិត្ត។ គេតែងតែមានអារម្មណ៍មួម៉ៅជានិច្ច។

ម្ដាយរបស់ទារិការងគ្រោះ បានបន្ដថា ចាប់តាំងពីគាត់មានផ្ទៃពោះ ហើយពិនិត្យដឹងថា កូនស្រីទៀត ជនសង័្សយតែងព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យពន្លូតកូនចោល។ ប៉ុន្ដែគាត់បដិសេធ ទើបប្ដីរបស់គាត់មិនសប្បាយចិត្ត។ លុះពេលកូនរបស់គាត់កើតមកបាន៦ថ្ងៃ ប្ដីរបស់គាត់បីកូនទៅកាន់ផ្ទះអ្នកជិតខាង ប៉ុន្ដែនៅពេលគេបីកូនត្រឡប់មកវិញ ស្រាប់តែគេប្រាប់ថា កូនស្រីរបស់គាត់ស្លាប់ ហើយយកទៅកប់ចោលតែម្ដង។

ប៉ូលិស បានបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី២៣ ខែកញ្ញា ជនសង័្សយបាននាំទារិកា ទៅកាន់យានដ្ឋានរបស់ភោជនីយដ្ឋានមួយ នៅក្នុងទីក្រុងឈៀងម៉ៃ រួចហើយជ្រមុជកូននោះ នៅក្នុងទឹកចានបង្គន់ រហូតថប់ដង្ហើមស្លាប់។ បន្ទាប់មកជនសង័្សយបានយកសពទារិកានោះទៅកប់ចោល នៅកន្លែងកប់ខ្មៅ នៅក្នុងតំបន់ Ban Mai Rim Klong ស្រុក Doi Saket ខេត្តឈៀងម៉ៃ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចថៃបានចោទប្រកាន់ជនសង័្សយពីបទឃាតកម្ម និងលាក់បាំងសមត្ថកិច្ច ហើយប៉ូលិសនឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕