វៀតណាម៖ នារសៀលថ្ងៃទី ២៤ ខែកញ្ញានេះ តុលាការប្រជាជនទីក្រុងហាណូយបានកាត់ទោសប្រហារជីវិត អ្នកទោសម្នាក់ពីបទមនុស្សឃាតដោយចេតនា​ ។ ហើយជនរងគ្រោះនៅក្នុងករណីនេះ គឺជាឪពុកម្ដាយរបស់អ្នកទោសរូបនេះ និងអ្នកជិតខាងម្នាក់ ។

អ្នកទោសខាងលើមានឈ្មោះ Nguyen Van Canh អាយុ ២៧ឆ្នាំ ចំណែកជនរងគ្រោះដែលជាឪពុកម្ដាយបង្កើតរបស់ខ្លួនមានឈ្មោះលោក Nguyen Van Thanh អាយុ ៥៣ឆ្នាំ (រងរបួសធ្ងន់) និងអ្នកស្រី Nguyen Thi Binh អាយុ ៥០ឆ្នាំ (ស្លាប់) ថែមទាំងមានអ្នកជិតខាងម្នាក់ផងដែរឈ្មោះ Luong Thi Vang (រងរបួសធ្ងន់) ។

សូមរំឮកថា កាលពីថ្ងៃទី ០៦ ខខែកុម្ភៈ កន្លងទៅនេះ អ្នកទោសខាងលើ ដែលជាមនុស្សខ្ជិលច្រអូស មិនមានការងារពិតប្រាកដ បានយកកាំបិតដែលខ្លួនលាក់ទុក ទៅចាក់ម្ដាយបង្កើតរបស់ខ្លួនជាច្រើនកាំបិតរហូតដល់ស្លាប់នៅកន្លែងកើតហេតុ ។ ឃើញដូច្នេះលោក Nguyen Van Thanh ជាឪពុកក៏បានមកវាយប្រតាយប្រតប់ដើម្បីដណ្ដើមកាំបិត តែត្រូវបានកូនចិត្តកំណាចចាក់បំណងសម្លាប់ តែសំណាងល្អ គាត់បានរត់ចេញក្រៅផ្ទះដើម្បីសុំជំនួយពីអ្នកជិតខាង ដោយគ្រាន់តែរងរបួសធ្ងន់ ។ ភ្លាមនោះមានអ្នកជិតខាងម្នាក់ឈ្មោះ Luong Thi Vang បានរត់មកជួយ​ និងវាយប្រតាយប្រតប់ជាមួយជនល្មើស រហូតដល់ជនល្មើស ចាក់ឲ្យរងរបួសផងដែរ ។

ក្នុងកាលៈទេសៈនោះជនរងគ្រោះទាំងពីរនាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដូច្នេះពួកគាត់ក៏មានជីវិតរស់ ចំណែកអ្នកស្រី Nguyen Thi Binh បានស្លាប់យ៉ាងវេទនា​ ។

នៅថ្ងៃទី ៧ ខែកុម្ភៈ ដដែល ជនល្មើសត្រូវបានចាប់ខ្លួន ហើយនៅមុខសត្ថកិច្ចគេបាននិយាយថា ហេតុដែលខ្លួនធ្វើដូច្នេះ ដោយសារតែខឹងនឹងម្ដាយឪពុក តែងតែស្ដីបន្ទោសឲ្យថាជាមនុស្សខ្ជិល ៕
ប្រភព៖ vietnamnet