ខេត្ដស្វាយរៀង៖ ករណីមន្រ្តីប៉ូលិសម្នាក់នៅស្រុកស្វាយជ្រំ ចាប់រំលោភក្មេងស្រីវ័យ១៦ឆ្នាំ នៅភូមិក្តុម្ពីរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ទើបតែបែកធ្លាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ”Ponleu Nhem”បង្ហោះតាមបណ្តាញសង្គម
ហ្វេសប៊ុក ។

ហ្វេសប៊ុកឈ្មោះ”Ponleu Nhem”បានបង្ហោះរូបថត និងសារថា៖ នេះហើយជាប៉ូលីសដែលចាប់រំលោភបំពានមកលើប្អូនស្រីរបស់ខ្ញុំ កាលពីយប់ថ្ងៃទី១៩/ខែកញ្ញា/ឆ្នាំ២០២០នៅភូមិក្តុម្ពីរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ពេលនោះ រំលោភមិនបានសំរេចដោយសារប្អូនខ្ញុំរើរូចហើយ ស្រែកឲគេជួយប្អួនស្រីទើបតែអាយុ១៦ឆ្នាំ សូមសមត្ថកិច្ចខេត្តស្វាយរៀងមេត្តាតាមចាប់ជនល្មើសរូបនេះផង ជនល្មើសគេមិនបានរត់ទៅណា គឺនៅក្នុងភូមិ ហេតុអីបានជាមិនរក យុត្តិធម៌អោយគ្រួសារខ្ញុំ? ។

ហេតុអី មិនមានច្បាប់ ចាប់ខ្លួនជនល្មើស? បើជារឿងនេះកើតក្នុងគ្រួសារអ្នក ហើយឃើញជនល្មើសដើរលេងក្នុងភូមិយ៉ាងសប្បាយ តើអ្នកមានអារម្មណ៍យ៉ាងណា? ចំពោះខ្ញុំ ខ្ញុំមានការឈឺចាប់ណាស់ ហើយខឹងណាស់ដែលខ្ញុំមិនអាចធ្វើអីគេបាន តែការឈឺចាប់នេះខ្ញុំទុកវានៅក្នុងចិត្ត ខ្ញុំជាបងស្រីមិនអាចជួយប្អូនស្រីខ្លួនឯងបាន មានតែផុសតាម Facebook អោយបងប្អូនជួយចែករំលែកផង ។ សូមអរគុណទុកជាមុន)។

ករណីខាងលើនេះ kbn មិនដឹងថាជាការពិតឬយ៉ាងណានោះទេ តែសមត្ថកិច្ចពាក់ព័ន្ធត្រូវតែចុះស្រាវជ្រាវ ដើម្បីរកការពិត ហើយបើពិតប្រាកដមែន សមត្ថកិច្ចត្រូវតែចាត់វិធានការលើមន្រ្តីប៉ូលិសនៅស្រុកស្វាយជ្រំ ម្នាក់នោះតាមច្បាប់ កុំឱ្យរួចខ្លួនឱ្យសោះ៕