រាជធានីភ្នំពេញ ៖ បុរស២នាក់ ជាបងប្អូនបង្កើត នៅពេលទំនេរបានជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ នៅចំណុចវាលស្រែ ផ្លូវបេតុងតាមមាត់ស្ទឹងព្រែកត្នោត សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ តែចំថ្ងៃស៊យ ត្រូវកម្លាំងសមត្ថកិច្ចបួចជាប់នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យជាចោរលួចម៉ូតូត្រូវអស់លក្ខណ៍ មានឈ្មោះ ខុម ចាន់នុត អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះ ខុម ចាន់ណែង ហៅ (ណេង) អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ ជាបងប្អូននឹងគ្នា រស់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋានការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងបទល្មើសផ្សេង។ លុះដល់ចំណុចកើតហេតុ ឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកហុងដា Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AF-7177 ឌុបគ្នាមកធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ដែលចតនៅវាលស្រែ តែត្រូវកម្លាំងសមត្ថកិច្ចក៏ដេញឡោមព័ទ្ធចាប់បាន ដោយដកហូតសោសម្រាប់កាច់កម៉ូតូចំនួន ៤ឈុត និងចម្ពាមកៅស៊ូចំនួន១ និងម៉ូតូស្តុបពី១គ្រឿង។

ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕