ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖​ បើតាមការអះអាងរបស់លោកហង់រី ប៊ិកឃ័រ ជាបរទេស និងជាអ្នកជំនាញខាងបច្ចេកទេសបម្រើការងារនៅស្ថានីយផ្សាយវិទ្យុជាតិ ហើយជាអ្នកនៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា បន្តិចក្រោយមក កងទ័ពខ្មែរក្រហមស្លៀកពាក់ខ្មៅមកពីភូមិភាគឧត្តរ រាប់រយនាក់បានចូលមកដល់ក្នុងបរិវេណក្រសួងឃោសនាការ ជាថ្មីម្ដងទៀត ហើយបានបង្ខំឲ្យឈ្មោះហែម តេកដារ៉ា មេដឹកនាំក្រុមប្រដាប់អាវុធខោខ្មៅអាវខ្មៅ មានទង់សញ្ញាជើងក្អែកនោះ និងបក្ខពួកទាំងអស់ទម្លាក់អាវុធចុះ។ មុនដំបូង ហែម តេកដារ៉ា បានព្យាយាមធ្វើការសម្របសម្រួលជាមួយពួកខ្មែរក្រហមទាំងនោះដែរ។ប៉ុន្តែពួកខ្មែរក្រហមទាំងនោះបដិសេធ មិនធ្វើការសម្របសម្រួលជាមួយជាដាច់ខាត ហើយ ហែម តេកដារ៉ា និងបក្ខពួកប្រមាណ៤០នាក់ត្រូវទម្លាក់អាវុធ និងចាប់ខ្លួនទាំងអស់។

ប្រភពមួយបានឲ្យដឹងថា ហែម តេកដារ៉ា នេះគឺជាកូនប្រុសរបស់លោកហែម កេតសាណា ជាអតីតអភិបាលខេត្តស្វាយរៀង មុនឆ្នាំ១៩៧០ ។ នៅក្នុងឆ្នាំ១៩៧៣ ក្នុងរបបសាធារណរដ្ឋខ្មែរ លោកហែម កេតសាណា ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាចរចានិងសន្តិភាព ហើយនៅដើមឆ្នាំ១៩៧៥ រហូតថ្ងៃ១២ ខែមេសា ឆ្នាំ១៩៧៥ លោកហែម កេតសាណា ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកនាយកដ្ឋាន-នាយករដ្ឋមន្ត្រី។

ចលនាអ្នកជាតិនិយម ដែលហៅជាភាសាបារាំងថា ចលនាម៉ូណាស្យូ (MONATIO)មានសញ្ញាជើងក្អែកនេះ គឺ លន់ ណុន ជាប្អូនប្រុសរបស់លោកលន់ នល់ ជាអ្នកបង្កើតឡើង មុនពេលកងទ័ពខ្មែរក្រហមវាយចូលមកដល់កណ្ដាលទីក្រុងភ្នំពេញ លន់ ណុនបានតែងតាំងឈ្មោះហែម តេកដារ៉ា ជាមេដឹកនាំចលនាអ្នកជាតិនិយមនេះ និងរៀបចំសេណារីយ៉ូនេះ ត្រៀមទុកជាស្រេច។លុះដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហមដើរចូលមកកណ្ដាលទីក្រុងភ្នំពេញ គ្រប់មុខព្រួញ លោកលន់ ណុន ក៏បានឱ្យឈ្មោះហែម តេកដារ៉ា ដឹកនាំកម្លាំងដែលស្លៀកពាក់ខ្មៅប្រដាប់អាវុធ លើកទង់សញ្ញាជើងក្អែកកនេះ ចេញមកបង្ហាញខ្លួន ក្នុងនាមជាភាគីអ្នកតស៊ូអ្នកជាតិនិយមមួយ ដើម្បីបង្ហាញឲ្យពួកមេខ្មែរក្រហម ឃើញថាចលនាអ្នកជាតិនិយមនេះ បានរួមចំណែកតស៊ូក្នុងការផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរដែរ ក្នុងក្ដីសង្ឃឹមថា ពួកខ្មែរក្រហមនឹងចែកអំណាចឲ្យខ្លួនមួយចំណែកដែរ។

ប៉ុន្តែល្បិចនយោបាយបង្កើតចលនាតស៊ូអ្នកជាតិនិយម ក្នុងបំណងឲ្យខ្មែរក្រហមចែករំលែកអំណាចឲ្យខ្លួននេះ មិនអាចទៅរួចទេ សូម្បីសម្ដេចសីហនុ មានឋានៈជាប្រធានរណសិរ្សរួបរួមជាតិ ក៏ដោយក៏មេដឹកនាំខ្មែរក្រហមមិនចែកអំណាចដល់ព្រះអង្គបន្តិចផង ចុះទម្រាំលោកលន់ ណុន ជាប្អូនប្រុសរបស់លោកសេនាប្រមុខលន់ នល់ ជាសត្រូវស្លាប់រស់ជាមួយមេដឹកនាំខ្មែរក្រហម តើមានហេតុផលអ្វីដែលត្រូវពួកខ្មែរក្រហម ចែកអំណាចឲ្យ? ឬមួយលោកលន់ ណុន យល់ថាមេខ្មែរក្រហម ដូចជាខៀវ សំផន, ហ៊ូ នឹម, ហ៊ូ យន់ និងកុយ ធួន ជាដើម ធ្លាប់ជាមិត្តភក្កិរៀនសូត្រនៅវិទ្យាល័យកំពង់ចាម ជាមួយគ្នាតាំងពីក្មេងៗមកនោះ ហើយគាត់ក៏ធ្លាប់ជួយឧបត្ថម្ភពួកនេះកាលនៅជាគ្រូបង្រៀននៅវិទ្យាល័យកម្ពុជបុត្រ កាលលពីទសវត្សរ៍ឆ្នាំ១៩៦០ នោះ នឹងមិនបំភ្លេចគាត់ចោលទេ។ ទីបំផុត ទាំងលន់ ណុន ទាំងហែម តេកដារ៉ា និងបក្សពួកទាំងអស់ ត្រូវពួកខ្មែរក្រហមចាប់យកទៅសម្លាប់ចោលគ្មានសល់ម្នាក់ឡើយ៕