ខេត្តស្វាយរៀង៖ បុរសម្នាក់ ដោយសារតែស្រ្តីជាប្រពន្ធសុំលែងលះចែកផ្លូវគ្នាដើរ ស្រាប់តែតូចចិត្តស្អិតទ្រូង រហូតគិតខ្លីលែងចង់រស់នៅតទៅទៀត ក៏ចង.កសម្លាប់ខ្លួនបានសម្រេចដូចបំណង។ ករណីបុរសគិតខ្លីធ្វើអត្តឃាតនេះ បានកើតឡើង នៅវេលាម៉ោង៥ និង១០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុច សុបុន អាយុ៤២ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ កន្លងមក ជនរងគ្រោះក៏ធ្លាប់ចង.កសម្លាប់ខ្លួនដែរ ព្រោះតែតូចចិត្តនឹងស្រី្តជាប្រពន្ធសុំលែង ប៉ុន្តែត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលទាន់ពេលវេលា។ លុះចង.កលើកនេះ ក្រុមគ្រួសារជួយមិនទាន់ ក៏ស្លាប់សមដូចបំណង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះចង.កសម្លាប់ខ្លួនប្រាកដមែន មិនមែនជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕