យន្ដហោះ Air Force Two ដឹកអនុប្រធានាធិបតីអាមេរិក បានហោះ បុក បក្សីមួយក្បាល ធ្វើឲ្យអាកាសយានិកសម្រេចចិត្ត បើក​ក្បាលត្រឡប់ក្រោយ​វិញ ដើម្បីរក្សាសុវត្ថិភាព។

មន្រ្ដីសេតវិមានប្រធានាធិបតីអាមេរិក បានឱ្យដឹងថា យន្ដហោះ Air Force Two របស់អនុប្រធានាធិបតី Mike Pence  បានហោះបុក​បក្សីមួយក្បាល កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋញូវហាំសាយអឺ។ ដោយ​សារតែករណីនេះ ទើប​អាកាសយាននិក សម្រេចបើកយន្ដហោះត្រឡប់ មកកាន់អាកាសយានដ្ឋានវិញ ដើម្បីរក្សាសុវត្ថិភាព។ នៅក្នុង​ហេតុការណ៍​នោះ ​លោកអនុប្រធានាធិបតី​ និងក្រុមការងាររបស់លោកកំពុងតែធ្វើដំណើរ​វិលត្រឡប់ទៅផ្ទះវិញ នៅទីក្រុងវ៉ាស៊ីនតោន ក្រោយពេលលោក​ចេញ​ពីយុទ្ធ​នាការ​ឃោសនាបោះឆ្នោត នៅអាកាសយានដ្ឋានមួយ នៅក្បែរ​ទីក្រុងហ្គីល​ហ្វត រដ្ឋញូវហាំសាយអឺ។

ប្រភពព័ត៌មានដដែល បានបន្ដថា មុនពេលជួបនូវឧបទ្ទវហេតុនោះ​ ​យន្ត​ហោះ Air Force Two បានហោះចេញពីអាកាសយានដ្ឋាន​តំបន់​ម៉ែនឆេ​ស្ទើរបូស្តុន តែហោះបុកចំបក្សីមួយក្បាល។ ថ្វីបើករណីនេះ មិនត្រូវបាន​អនុញ្ញាតឱ្យនិយាយ អំពីបញ្ហានេះជាសាធារណៈក៏ដោយ តែមន្រ្ដីខ្លះ​បាន​និយាយ​ក្នុងលក្ខខណ្ឌអនាមិក ​ថា អនុប្រធានាធិបតី និងក្រុម​ការងារ​របស់គាត់មិនមានគ្រោះថ្នាក់អ្វីទេ។ ទីបំផុត លោកអនុ​ប្រធានា​ធិបតី​បានធ្វើដំណើរទៅដល់ផ្ទះរបស់លោក តាមយន្ដហោះដឹកទំនិញ ដែលជាទីភ្នាក់ងារចារកម្មប្រើ ដើម្បីដឹកយានយន្តរបស់គាត់៕