ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលកងទ័ពខ្មែរក្រហមចូលទីក្រុងភ្នំពេញ នៅវេលាម៉ោង៨:០០ព្រឹក គេឃើញក្រុមប្រដាប់អាវុធប្រមាណ៤០នាក់ស្លៀកពាក់ខ្មៅជាប្រភេទក្រណាត់សាច់ល្អ ខ្លះបង់កក្រមា ខ្លះស្លៀកពាក់ជាជនស៊ីវិលធម្មតា ហើយភាគច្រើនទុកសក់វែងបន្តិច អមសិស្សនិស្សិតនៅទីក្រុងភ្នំពេញ ប្រមាណ២០០នាក់ បាននាំគ្នាលើកទង់សញ្ញាជើងក្អែកព្រោងព្រាត ដង្ហែក្បួននៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស។ ពេលនោះនរណាៗ គិតថា ពួកនេះជាកងទ័ពខ្មែរក្រហម ដែលចូលមករំដោះទីក្រុងភ្នំពេញ មុនគេដែរ។

ពួកនេះបានធ្វើសកម្មភាពចាប់ដៃស្វាគមន៍ជាមួយពួកទាហានលន់ នល់ ។ ខ្លះបាននាំគ្នាជិះរថយន្ត ឬម៉ូតូកាន់ក្បាលមេក្រូ ស្រែកបញ្ជាឱ្យពួកទាហានលន់ នល់ ទម្លាក់អាវុធ និងឲ្យប្រជាជនស៊ីវិលនៅតាមផ្ទះនាំគ្នាលើកទង់សគ្រប់ៗផ្ទះ ដើម្បីស្វាគមន៍កងទ័ពខ្មែរក្រហមដែលចូលមកដល់ទីក្រុងភ្នំពេញ ។ ចំណែកពួកគេមួយចំនួនទៀតបានធ្វើសកម្មភាព ឃាត់និងឆែកឆេរខ្លួននប្រាណពួកទាហានលន់ នល់ ហើយខ្លះនាំគ្នាចាប់ដៃស្វាគមន៍រាក់ទាក់ជាមួយជាមួយអ្នកកាសែតបរទេស និងប្រជាពលរដ្ឋផងដែរ។

ឈ្មោះហែម តេកដារ៉ា ក្រុមប្រដាប់អាវុធខោខ្មៅអាវខ្មៅ មានទង់សញ្ញាជើងក្អែកនេះ បានដឹកនាំដង្ហែក្បួនតាមមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅផ្សារធំថ្មី រួចបន្តទៅមុខធនាគារជាតិកម្ពុជា ដែលនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម រួចហើយកាត់តាមសួនច្បារស្ពាននាគ ខាងត្បូងរមណីយក្រសួងឃោសនាការ ដែលបានអាក់ខានការផ្សាយរបស់ខ្លួនជាច្រើនម៉ោងហើយនោះ ក៏ចាប់ផ្ដើមផ្សាយឡើងវិញដោយចាក់បទចម្រៀងជាសាច់ភ្លេងសុទ្ធជាបន្តបន្ទាប់។ ពេលនោះ ពួកឧត្តមសេនីយ៍មួយចំនួន ដូចជា៖ ឧត្តមសេនីយ៍ឈឹម ឈួន, ឧត្តមសេនីយ៍លន់ ណុន (ប្អូនរបស់លន់ នល់) , ឧត្តមសេនីយ៍ប៉ូលលី តៃសួន អែមម៉េ និងឧត្តមសេនីយ៍ម៉ី ស៊ីចន ជានាយការិយាល័យទី៣ នៃអគ្គបញ្ជាការកងទ័ពនៃរបបសាធារណរដ្ឋខ្មែរ និងមន្រ្តីស៊ីវិលជាន់ខ្ពស់ជាច្រើននាក់ទៀត បាននាំជួបជុំគ្នានៅក្រសួងឃោសនាការ ក្នុងបំណងមកបង្ហាញមុខ ដើម្បីត្រៀមខ្លួនទទួលពួកមេដឹកនាំខ្មែរក្រហម ផងដែរ ។

បន្តិចក្រោយមក សម្ដេចព្រះសង្ឃរាជហួត តាត បាននិមន្តទៅដល់បន្ទប់ផ្សាយវិទ្យុនៅក្រសួងព័ត៌មាននោះ ហើយប្រកាសអំពាវនាវថា សង្គ្រាមចប់ហើយ យើងទាំងអស់គ្នាសុទ្ធជាខ្មែរដូចគ្នា មិនត្រូវបង្ហូរឈាមខ្មែរទៀតទេ។ សូមបងប្អូនញាតិញោមទាំងអស់នាំគ្នាទម្លាក់អាវុធចុះ។

បន្ទាប់មកទៀត គេឃើញឧត្តមសេនីយ៍ម៉ី ស៊ីចន បានឡើងប្រកាសអំពាវនាវតាមវិទ្យុផ្ទាល់ ទៅកាន់ពួកទាហានលន់ នល់ ទាំងអស់ឱ្យទម្លាក់អាវុធ និងឲ្យមន្ត្រីស៊ីវិលជាន់ខ្ពស់ និងនាយទាហានជាន់ខ្ពស់ផ្សេងៗទាំងអស់ ដែលមិនទាន់មានវត្តមាននៅក្រសួងព័ត៌មាន នោះ មកជួបជុំគ្នានៅក្រសួងព័ត៌មាន ដើម្បីធ្វើការចរចាជាមួយមេដឹកនាំខ្មែរក្រហម។ តែពេលនោះឧត្តមសេនីយ៍ ម៉ី ស៊ីចន ប្រកាសមិនទាន់ចប់ផង ស្រាប់តែ ឈ្មោះហែម តេកដារ៉ា មេដឹកនាំក្រុមប្រដាប់អាវុធខោខ្មៅអាវខ្មៅ មានទង់សញ្ញាជើងក្អែកនោះ បានដើរប្រជ្រៀតហ្វុងមនុស្សទៅយកក្បាលមេក្រូចេញពីដៃឧត្តមសេនីយ៍ ម៉ី ស៊ីចន ហើយស្រែកប្រកាសខ្លួនឯងថា យើងមកនេះគឺពុំមែនមកចរចាទេ គឺមកក្នុងនាមជ័យជម្នះរបស់ចលនាម៉ូណាស្យូ (MONATIO) របស់យើង។ ពាក្យថា MONATIO នេះ ជាពាក្យកាត់ជាភាសាបារាំង MO មកពីពាក្យពេញMOUVEMENT បូកនឹង NATIO កពីពាក្យពេញ NATIONALIST (MO.NATIO = MOUVEMENT NATIONALIST) ដែលប្រែជាភាសាខ្មែរថា ចលនាជាតិនិយម។

បន្ទាប់មក ឈ្មោះហែម តេកដារ៉ា មេដឹកនាំក្រុមប្រដាប់អាវុធខោខ្មៅអាវខ្មៅនោះ បានប្រកាសអំពាវនាវដល់ពួកមេខ្មែរក្រហមថា យើងខ្ញុំជាប្អូនសូមអញ្ជើញបងៗមកចូលរួមប្រជុំជាមួយយើងខ្ញុំ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ និងបង្កើតរដ្ឋាភិបាលថ្មីមួយនៅពេលបញ្ចប់សង្គ្រាមនាពេលនេះ។

ពេលនោះដែរ គេឃើញក្រុមអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើន បាននាំគ្នាចោមរោមថតរូប និងធ្វើសម្ភាសន៍ជាមួយឈ្មោះហែម តេកដារ៉ា នៅមុខអគារក្រសួងឃោសនាការ តែម្ដង។ ក្នុងនោះដែរ គេឃើញលោកស៊ីដនី ស្កាន់ប័ក (Sydney Schanberg) អ្នកយកព័ត៌មានកាសែតអាមេរិក The New York Times បានជួបសម្ភាសផ្ទាល់ជាមួយឈ្មោះហែម តេកដារ៉ា នោះដែរ។

នៅវេលាម៉ោងជិត១១ កងទ័ពខ្មែរក្រហមរាប់សិបនាក់ បានធ្វើដំណើរចូលមកដល់មុខក្រសួងឃោសនាការ ដែរ ប៉ុន្តែត្រូវបាន ហែម តេកដារ៉ា ប្រាប់ឱ្យចាកចេញទៅវិញ ព្រោះពួកខ្លួនបានចូលកាន់កាប់ក្រសួងឃោសនាការ នេះហើយ។ ដោយឃើញក្រុមប្រដាប់អាវុធរបស់ហែម តេកដារ៉ា នេះស្លៀកពាក់ខ្មៅដូចពួកខ្លួនដែរ ហើយកុំឲ្យមានបញ្ហាជាមួយគ្នា កងទ័ពខ្មែរក្រហមទាំងអស់នោះ បានបង្ខំចិត្តដកខ្លួនទៅកន្លែងផ្សេងទៀតទាំងមិនអស់ចិត្ត ដោយមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះឃើញក្រុមប្រដាប់អាវុធរបស់ហែម តេកដារ៉ា នេះ មានលក្ខណៈខុសប្លែកជាច្រើនចំណុចពីកងទ័ពខ្មែរក្រហមផ្សេងៗទៀត៕ (នៅមានត ភាគក្រោយទៀត)