មេដឹកនាំសហភាពអ៊ឺរ៉ុបនិងចិន បានឯកភាពគ្នាក្នុងការពន្លឿនការពិភាក្សាលើកិច្ចព្រមព្រៀងវិនិយោគទ្វេរភាគី។ ភាគីទាំងពីរមានគោលបំណងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ នៅឆ្នាំនេះ។ ប៉ុន្តែភាពខុសគ្នានៅតែមានលើការបើកចំហទីផ្សារប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានដកស្រង់សម្តីលោកប្រធានាធិបតី ស៊ី ជិនពីង ដែលនិយាយថា ទីផ្សារចិនបានបើកចំហដល់ក្រុមហ៊ុនសហភាពអឺរ៉ុបរួចហើយ។ លោកបាន និយាយថា ភាគីទាំងពីរគួរតែបន្តបើកចំហនិងសហប្រតិបត្តិការ ទៅវិញទៅមក។ ប៉ុន្តែប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺឡឺយេន បាននិយាយថា នៅតែមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ លោកស្រី បាននិយាយថា វិនិយោគិនអឺរ៉ុប ប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងវិស័យសំខាន់ៗ ជាពិសេសសម្រាប់វិស័យបច្ចេកវិទ្យាឌីជីថល នា ពេលអនាគត ប៉ុន្តែសហភាពអឺរ៉ុបរំពឹងថាឧបសគ្គនានានឹងត្រូវដោះស្រាយ។

សន្និសីទវីដេអូនេះក៏និយាយពីបញ្ហានយោបាយផងដែរ ហើយភាគីអ៊ឺរ៉ុបបានបង្ហាញ ការព្រួយបារម្ភជាថ្មីអំពីច្បាប់សន្តិសុខជាតិរបស់ប្រទេសចិនសម្រាប់ទីក្រុងហុងកុង។ តាមសេចក្តីរាយការណ៍ លោកស៊ី ជិនពីង បានច្រានចោលការអត្ថាធិប្បាយ ដោយនិយាយថា ទីក្រុងប៉េកាំងមិនអត់ធ្មត់ចំពោះប្រទេសណាមួយ ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។