រាជធានីភ្នំពេញ៖ គ្រូឱសថបុរាណម្នាក់ បានអួតអាងខ្លួន ជាមន្រ្ដីយោធាមានឋានន្ដរស័ក្ដិថា្នក់ឧត្ដមសេនីយ៍ ហើយដើរឆបោកលុយរាប់ម៉ឺនដុល្លារ និងគំរាមសម្លាប់ជនរងគ្រោះ តែអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១២ ខែកញ្ញា ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ប្រភពព័ត៌មាន បានឲ្យដឹងថា កន្លងមក ជនសង័្សយដើរអួតអាងប្រាប់អ្នកជិតខាងថា រូបគេជាមន្រ្ដីយោធា មានឋានន្ដរស័ក្ដិថ្នាក់ឧត្ដមសេនីយ៍។ ជាញឹកញាប់ ជននេះតែងឆបោកប្រាក់ពីអ្នកដទៃ ពាក់ព័ន្ធនឹងការបន្លំទិញលក់គ្រឿងសំរឹទ្ធ។ លើសពីនេះទៅទៀត គេថែមទាំងគំរាមកំហែងដល់ជនរងគ្រោះថែមទៀតផង។ ប៉ុន្ដែក្រោយពេលមានករណីឆបោក និងគំរាមសម្លាប់បែបនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍។

មន្រ្ដីការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ យន្ត ដារ៉ា ហៅ នូ រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរគ្រូឱសថបុរាណ។ ប៉ុន្ដែគេបានតាំងខ្លួនជាឧត្តមសេនីយ៍យោធា មានស្រុកកំណើត នៅភូមិតាលួស ឃុំតាលួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយទីលំនៅបច្ចុប្បន្ន នៅបន្ទប់ជួល ក្នុងភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

សមត្ថកិច្ច បានបន្ដថា ដោយសារការភ័យខ្លាចនឹងជនសង័្សយ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ។ បន្ទាប់ពីទទួលបានបណ្តឹងសមត្ថកិច្ចជំនាញបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតអាវុធខ្លី ចំនួនពីរដើម គឺ ម៉ាក K54 និង ម៉ាក Swees នៅក្នុងភូមិខ្វា ទល់មុខធនាគារ អេស៊ីលីដា ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យ ឈ្មោះ យន្ត ដារ៉ា បានសារភាពថា កាលពីអំឡុង ខែកក្កដា ឆ្នាំ២០២០ ខ្លួនពិតជាបានឆបោកប្រាក់ពីជនរងគ្រោះ ជាបន្តបន្ទាប់ សរុប៣២ ១០០ដុល្លារអាមេរិក ពិតប្រាកដមែន ពាក់ព័ន្ធនឹងករណីទិញលក់គ្រឿងសំរឹទ្ធ។ ប៉ុន្ដែនៅពេលជនរងគ្រោះដឹងថាចាញ់បោក ទើបគេផ្ញើសារទៅកាន់ជនរងគ្រោះគំរាមកំហែងម្តងហើយម្តងទៀត តាមរយៈបណ្តាញទំនាក់ទំនង Messenger ក្នុងទូរស័ព្ទ ដោយប្រើពាក្យសម្តីថា គេនឹងសម្លាប់ចោលទាំងពូជ សូម្បីតែកូនង៉ែត ក្នុងអង្រឹង ក៏មិនទុកដែរ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង័្សយ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕