ខេត្តបាត់ដំបង៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់របស់អង្គការហេឡូត្រាស្ត (HALO Trust) បានទទួលសំណើពីប្រជាពលរដ្ឋ ក្នុងភូមិប្រឡាយ១៨ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្រោយពីចុះពិនិត្យ ក្រុមជំនាញបានរកឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ប្រភេទDK75 ដែលប្រជាពលរដ្ឋផ្សេងទៀត យកមកធ្វើជាព្រំរបងនៅក្បែរផ្ទះរបស់ពួកគាត់អស់រយះពេលពីរឆ្នាំមកហើយ។ ដោយសារនេះជាគ្រាប់ដែលបាញ់រួច វាងាយនឹងផ្ទុះខ្លាំងណាស់ ក្រុមជំនាញរបស់អង្គការហេឡូត្រាស្ដ ត្រូវកម្ទេចនៅនឹងកន្លែងតាមលក្ខណៈបច្ចេកទេស។

អង្គការហេឡូត្រាស្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំប៉ះពាល់ កុំលេង កុំដុត កុំដំ កុំកែច្នៃ ព្រោះវាបណ្តាលឱ្យគ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតអ្នកបំផុត៕