ភ្នំពេញ៖ថ្ងៃនេះផលិតកម្មសាន់ដេ ដែលរាប់ជាផលិតកម្មធំមួយក្នុងស្រុក បានបង្ហោះបទចម្រៀងថ្មី និងច្រៀងដោយតារាចម្រៀងថ្មី នៅលើទំព័រហ្វេសប៊ុក ក៏ដូចជាទំព័រយូធូបផ្លូវការណ៍របស់ខ្លួន តែត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ។

បទចម្រៀងដែលទើបតែបញ្ចេញបានប៉ុន្មានម៉ោង និងរងការរិះគន់ច្រើនលើសលប់នេះមានចំណងជើងថា «ស្រឡាញ់ BTS ពេញបេះដូង» ច្រៀងដោយតារាចម្រៀងស្រីដែលទើបរះមានឈ្មោះថា កញ្ញា ម៉ានីតា ។

ក្នុងនោះអ្វីដែលមហាជនជាច្រើនរិះគន់ គឺទៅលើទំនុកចម្រៀងរបស់អ្នកនិពន្ធ ដែលស្ដាប់ទៅហាក់ដូចជាគ្មានអត្ថន័យ អត្ថរស និងអត្ថរូប បន្តិចណាឡើយ ហើយសំឡេងអ្នកចម្រៀងទៀតសោត ក៏ហាក់ដូចជានៅមានកម្រិតខ្លាំង រហូតដល់មានការលើកឡើងថា «ផលិតកម្មធំដែរ តែដូចខ្វះអ្នកចម្រៀង» ។

សូមបញ្ជាក់ថា តាមរយៈបទចម្រៀង «ស្រឡាញ់ BTS ពេញបេះដូង» ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក គិតមកដល់ម៉ោងនេះមានរយៈពេលជាង ៥ ម៉ោង តែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយមានអ្នកចុច reaction លើសពី១ម៉ឺននាក់ បញ្ចេញមតិលើសពី ៨ពាន់នាក់ និងចែករំលែកលើសពី ៧ពាន់នាក់ ។ ចំណែកនៅលើគណនីយូធូបវិញ មានអ្នកចូលទស្សនាលើសពី ១០ម៉ឺននាក់ ចូលចិត្តលើសពី ៣ពាន់នាក់ ខណៈដែលអ្នកមិនចូលចិត្តជិត ២ម៉ឺននាក់ ចំណែកប្រអប់បញ្ចេញមតិវិញ ត្រូវបានខាងក្រុមការងារបច្ចេកទេសកាន់ទំព័រយូធូបរបស់ផលិតកម្ម បិទមិនឲ្យមើលឃើញ ឬបញ្ចេញមតិបានឡើយ ៕