ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ឆ្ងាញ់ស្រាជាងបាយ ផឹកស្រវឹងធ្លាក់ភ្នែកជាប្រចាំ រហូតក្លាយជាមនុស្សប្រមឹកប្រចាំភូមិ ហើយចូលចិត្តប្រើអំពើហិង្សាវាយធ្វើប្រពន្ធគ្មានលស់ថ្ងៃ។ លុះចុងក្រោយមិនត្រឹមតែវាយធ្វើបាបប្រពន្ធទេ ថែមទាំងវាយធ្វើបាបលើក្មួយស្រីក្រមុំទៀត ទើបធ្វើឲ្យនាងទ្រាំលែងបាន ក៏រត់ទៅយកកាំបិតចិតបន្លែនៅផ្ទះ មកចាក់ពូជាច្រើនកាំបិតធ្លាយពោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ករណីអំពើហិង្សាក្នុងគ្រួសារ រហូតក្លាយជាអំពើមនុស្សឃាដនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២០ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

នារីសង្ស័យដែលជ្រុលដៃចាក់ពូស្លាប់នេះ មានឈ្មោះ ជិន ណារី អាយុ២២ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា មុនពេលកើតហេតុ នារីសង្ស័យបានចេញពីធ្វើការដល់ផ្ទះ ស្រាប់តែឃើញជនរងគ្រោះជាពូ ស្ថិតក្នុងភាពស្រវឹងស្រា កំពុងវាយធ្វើបាបប្រពន្ធ ព្រមទាំងជេរប្រមាថនូវពាក្យអសុរោះយ៉ាងចាស់ដៃ។ ពេលនោះនារីសង្ស័យជាក្មួយបានចូលទៅឃាត់ តែជនរងគ្រោះមិនស្តាប់រហូតមានការប្រតាយប្រតប់គ្នាទៀតផង។

ប្រភបន្តថា ពេលនោះ នារីរងគ្រោះ បានរត់ទៅយកកាំបិតដែលខ្លួនទិញមកសម្រាប់ចិតបន្លែ មកចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេញបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថបានចុះអន្តរាគមន៍ ហើយធ្វើការឃាត់ខ្លួននារីសង្ស័យបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី៕