ភ្នំពេញ៖ កាំង ហ្គេកអ៊ាវ ហៅ ឌុច កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ឪពុករបស់គាត់ស្លាប់នៅក្នុងឆ្នាំ ១៩៩០ និងម្តាយរបស់គាត់នៅរស់រហូតដល់សព្វថ្ងៃ ។ ឪពុកម្ដាយរបស់គាត់មានកំណើតកាត់ចិន ។

នៅក្នុងបញ្ជីអាត្រានុកូលដ្ឋាន ឈ្មោះរបស់ឌុច គឺ កាំង ជាវ ។ ក្រោយមក ឪពុករបស់គាត់បានប្តូរទៅជា យឹម គាវ វិញ ។ ឌុច នៅតែមិនពេញចិត្តនឹងឈ្មោះថ្មីនេះដដែល ។ ហេតុដូច្នេះហើយ បានជាពេលមានអាយុ១៥ឆ្នាំ គាត់បានស្នើសុំទៅឪពុករបស់គាត់ឱ្យប្តូរជាថ្មីមួយទៀតទៅជា កាំង ហ្គេចអ៊ាវ វិញ ហើយបានកែថ្ងៃ ខែ ឆ្នាំកំណើតរបស់គាត់មកជាកើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៤៥ ផងដែរ ដោយបន្ថយអាយុបីឆ្នាំ ដើម្បីអាចចុះឈ្មោះចូលរៀនបាន ។

ក្រោយពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិភាគ១ (បាក់អង) នៅខេត្តកំពង់ធំ កាំង ហ្កេចអ៊ាវ បានមកបន្តការសិក្សានៅ វិទ្យាល័យព្រះស៊ីសុវត្ថិ ដោយស្នាក់នៅវត្តឧណ្ណាលោម។

ក្រោយពីបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិភាគ២(បាក់ឌុប) នៅក្នុងឆ្នាំ១៩៦៤ កាំង ហ្កេចអ៊ាវ បានទៅចូលរៀននៅវិទ្យាស្ថានគរុកោសល្យ នៅជិតវិមានឯករាជ្យ។

ពេលមកស្នាក់រៀននៅក្នុងក្រុងភ្នំពេញ កាំង ហ្គេចអ៊ាវ បានទទួលឥទ្ធិពលនយោបាយពីសំណាក់គ្រូៗជាច្រើនរបស់គាត់ដែលជាជនកុម្មុយនិស្ត បានបរិហារអំពីអំពើពុករលួយ និង ភាពអយុត្តិធម៌នៅក្នុងរបបសង្គមរាស្រ្តនិយម របស់សម្ដេចសីហនុ ពិសេសតាមរយៈគ្រូបង្រៀនរបស់គាត់ម្នាក់ឈ្មោះ កែ គឹមហួត ដែលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាលេខាបក្សតំបន់១ (ខេត្តពោធិ៍សាត់) ភូមិភាគពាយ័ព្យ ។ ក្រោយមក កែ គឹមហួត ត្រូវបានប៉ុល ពត ឱ្យគេចាប់យកមកឱ្យ ឌុច សម្លាប់នៅមន្ទីស-២១ ហើយពេលកំពុងរៀននៅវិទ្យាស្ថានគរុកោសល្យ កាំង ហ្គេចអ៊ាវ បានស្គាល់ជនកុម្មុយនិស្តដ៏សំខាន់ម្នាក់ គឺ សុន សេន ដែលពេលនោះជានាយកវិទ្យាស្ថាន ដែលក្រោយមកបានក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៃរបបខ្មែរក្រហម។

នៅឆ្នាំ១៩៦៥ កាំង ហ្គេចអ៊ាវ បានចេញទៅធ្វើគ្រូបង្រៀនផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា នៅវិទ្យាល័យស្គន់ ខេត្តកំពង់ធំ ហើយបានដឹកនាំសិស្សនៅទីនោះ ឱ្យបះបោរប្រឆាំងនឹងអាជ្ញាធរ។
ពេលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យស្គន់ នោះ កាំង ហ្កេចអ៊ាវ ក៏បានចូលជាសមាជិកបក្សកុម្មុយនិស្តកម្ពុជា ។

នៅឆ្នាំ១៩៦៧ កាំង ហ្គេចអ៊ាវ ត្រូវបានប៉ូលិសនៃរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានចាប់ខ្លួន យកទៅដាក់គុកព្រៃស នៅភ្នំពេញ។ នៅក្នុងគុក កាំង ហ្គេចអ៊ាវ បានជួបគ្រូបង្រៀនម្នាក់ជាសមាជិកបក្សកុម្មុយនិស្តដូចគ្នាដែរ ឈ្មោះម៉ម ណៃ ហៅ ចាន់ ដែលក្រោយមកបានក្លាយទៅជាអនុប្រធានរបស់ ឌុច នៅគុកទួលស្លែង។

ក្រោយរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ កាំង ហ្គេចអ៊ាវ ត្រូវបានពួកលន់ នល់ ដោះលែងពីពន្ធនាគារវិញ គាត់បានរត់ទៅចូលរួមតស៊ូជាមួយខ្មែរក្រហម នៅក្នុងតំបន់រំដោះ ហើយបានចាប់ផ្តើមប្រើឈ្មោះបដិវត្តន៍ថា ឌុច ហើយត្រូវបាន វ៉ន វ៉េត ដែលកាលនោះជាលេខាបក្សភូមិភាគពិសេស តែងតាំងឲ្យធ្វើជាមេគុកសម្ងាត់មួយ ហៅថា ម១៣ ស្ថិតនៅឃុំអមលាំង ខេត្តកំពង់ស្ពឺ។ ក្រោយមក ឌុច បានបង្កើតគុកមួយទៀត ដែលមានលេខសម្ងាត់ថា ម៩៩ ស្ថិតនៅជើងភ្នំឱរ៉ាល់។

ក្រោយពេលខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឌុច ត្រូវបានតែងតាំងឲ្យធ្វើជាអនុប្រធានមន្ទីរសន្តិសុខ ស២១ ។ ក្រោយមកគាត់បានឡើងជាប្រធានមន្ទីរសន្តិសុខ ស២១ ហៅ គុកទួលស្លែង នៅក្រុងភ្នំពេញ។

យោងតាមឯកសារនៅគុកទួលស្លែង ដែលបច្ចុប្បន្នរក្សាទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានឱ្យដឹងថា៖ ថ្នាក់លើរបស់ ឌុច គឺ សុន សេន ហៅ ខៀវ អតីតគ្រូបង្រៀនរបស់ ឌុច នៅវិទ្យាស្ថានគរុកោសល្យ និង នួន ជា ហៅ បងនួន អនុលេខាបក្សកុម្មុយនិស្តកម្ពុជា។ នៅក្នុងឯកសារទាំងនេះ គេឃើញមានហត្ថលេខារបស់ ឌុច លើកំណត់ហេតុបញ្ជូនទៅថ្នាក់លើ និងចំណាររបស់ ឌុច បញ្ជាឲ្យអ្នកនៅក្រោមបង្គាប់ ធ្វើទារុណកម្ម និងសម្លាប់អ្នកទោសជាដើម។

នៅចន្លោះឆ្នាំ១៩៧៨ ដល់ដើមឆ្នាំ១៩៧៩ ជារយៈពេលដែលខ្មែរក្រហមបង្កើនប្រតិបត្តិការបោសសំអាតផ្ទៃក្នុងបក្សជាទ្រង់ទ្រាយធំនោះ កម្មាភិបាលខ្មែរក្រហមយ៉ាងច្រើនត្រូវបានចាប់បញ្ជូនទៅឲ្យ ឌុច ធ្វើទារុណកម្មសួរចម្លើយនៅគុកទួលស្លែង។ ឌុច បានរៀបចំចងក្រងឯកសារជាច្រើនស្តីពីប្រវត្តិរូប និងចម្លើយសារភាពរបស់អ្នកទោស។ ឯកសារទាំងនេះហើយ ដែលបានក្លាយទៅជាភស្តុតាងយ៉ាងសំខាន់ ក្នុងការស៊ើបអង្កេតរបស់តុលាការខ្មែរក្រហម។

ឌុច បានរៀបការជាមួយប្រពន្ធរបស់គាត់ឈ្មោះ ឈឹម សុផល ហៅ រុំ ដែលជាកម្មករកាត់ដេរសម្លៀកបំពាក់ នៅថ្ងៃទី២០ ធ្នូ ឆ្នាំ១៩៧៥ គឺនៅពេលដែលគាត់មានតួនាទីជាប្រធានមន្ទីស-២១ ។ គាត់មានកូនចំនួន៤នាក់ កូនស្រីទី១ កើតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧៧ ។ កូនប្រុសទី២ កើតនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៧៨ ។ កូនស្រីទី៣ កើតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨១ និងកូនប្រុសទី៤ កើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៨៥ ។

ឌុច រស់នៅផ្ទះមួយក្បែរមន្ទីរស-២១ជាមួយប្រពន្ធ កូន ។ គាត់ស្ថិតនៅមន្ទីរស-២១ រហូតដល់ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបគាត់រត់គេចខ្លួនចេញពីក្រុងភ្នំពេញ ។

សៀវភៅរបស់លោក Nic Danlop ដែលមានចំណងជើងថា ពេជ្ឈឃាតបាត់ខ្លួន “The Lost Executioner” បានសរសេរថា ក្រោយរត់គេចខ្លួនចេញពីក្រុងភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឌុច បានទៅនៅជួបជុំគ្រួសាររបស់គាត់នៅក្នុងព្រៃ ស្ថិតក្នុងស្រុកសំឡូត។ ឌុច ត្រូវបានបងទីពីរ នួន ជា ដកតំណែងក្នុងហេតុផលថា ឌុច មិនបានកម្ទេចឯកសារនៅគុកទួលស្លែងឲ្យអស់ មុននឹងរត់ចេញពីក្រុងភ្នំពេញ។ ក្រោយមក ឌុច បានទៅធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងគណិតវិទ្យា នៅសាលារៀនមួយ ក្នុងជំរំជនភៀសខ្លួនស្ថិតក្នុងទឹកដីថៃ។

នៅក្នុងខែតុលា ឆ្នាំ១៩៨៦ សុន សេន បានបញ្ជូនគាត់ឱ្យទៅប្រទេសចិន ដើម្បីបង្រៀនភាសាខ្មែរដល់និស្សិតចិន ។ គាត់រស់នៅ និងធ្វើការក្រោមបញ្ជារបស់ប្រពន្ធ សុន សេន ឈ្មោះ យុន យ៉ាត នៅក្នុងប្រទេសចិន ។ មួយឆ្នាំក្រោយមក ឌុច បានវិលត្រឡប់មកប្រទេសថៃវិញ ហើយបានដូរឈ្មោះទៅជា ហង្ស ពិន វិញ។ ឌុច បានទៅបម្រើការនៅការិយាល័យរបស់ ប៉ុល ពត ដែលស្ថិតនៅក្នុងជំរំ៥០៥។

ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ឌុច បាននាំគ្រួសារទៅរស់នៅភូមិផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រកបរបរជាគ្រូបង្រៀនវិញ។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៥ នៅភូមិផ្គាំ គាត់ទទួលរងគ្រោះដោយអំពើប្លន់ក្នុងផ្ទះដ៏អាថ៌កំបាំងមួយ ដែលពេលនោះ ប្រពន្ធរបស់គាត់ត្រូវបានចោរចាក់មួយកាំបិតចំដើមទ្រូងបណ្តាលឱ្យស្លាប់ តែគាត់វិញគ្រាន់តែមានរបួសបន្តិចបន្តួចប៉ុណ្ណោះ ។

ចំពោះព្រឹត្តិការណ៍នេះ ឌុច គិតថា វាជាការប៉ុងប៉ងធ្វើឃាតកម្មគិតទុកជាមុន ដែលរៀបចំឡើងដោយ ប៉ុល ពត ។
បន្ទាប់ពីការស្លាប់របស់ប្រពន្ធមក ឌុច បានថ្វាយខ្លួនជឿព្រះយេស៊ូ ។ បន្ទាប់មក ឌុច បានក្លាយទៅជាគ្រូគង្វាលជំនួយនៅក្នុងព្រះវិហារមួយឈ្មោះ Golden Western Cambodian Christian Church។

នៅឆ្នាំ១៩៩៧ ក្រោយពីមានការបែកបាក់នៅក្នុងចំណោមជួរថ្នាក់ដឹកនាំខ្មែរក្រហម ឌុច បានរត់ចេញពីស្វាយចេក ទៅកាន់ប្រទេសថៃ។ ឌុច បានបម្រើការក្នុងអង្គការមនុស្សធម៌ផ្នែកសុខាភិបាលមួយ នៅក្នុងជំរំ Ban Ma Muang។ រហូតដល់ឆ្នាំ១៩៩៨ ទើប ឌុច ត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែ ដោយខ្លាចគេស្គាល់អត្តសញ្ញាណរបស់ខ្លួន ឌុច មិនបានត្រឡប់ទៅស្រុកស្វាយចេកវិញទេ។ ឌុច បានទៅធ្វើការឲ្យអង្គការគ្រីស្ទានមួយ ឈ្មោះ World Vision នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

នៅឆ្នាំ១៩៩៩ អ្នកកាសែតបរទេសពីររូប គឺ Nate Thayer និង Nic Dunlop បានទៅជួបសម្ភាសជាមួយ ឌុច។ ក្រោយពីបទសម្ភាសន៍នេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី សេដ្ឋកិច្ចចុងបូព៌ា (Far Eastern Economic Review) មក ឌុច ត្រូវបានគេចាប់ឃុំខ្លួននៅក្នុងមន្ទីរឃុំខ្លួននៃតុលាការយោធា ក្នុងក្រុងភ្នំពេញ។

នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងនៃតុលាការយោធា ទៅឱ្យអង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមវិញ។ ឌុច ត្រូវបានតុលាការពិសេសធ្វើការចោទប្រកាន់ជាផ្លូវការពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ថ្វីដ្បិតតែ ឌុច មិនមែនជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែក្នុងឋានៈជាប្រធានគុកទួលស្លែង ដែលជាកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ឌុច ត្រូវបានចាត់បញ្ជូលក្នុងចំណោម «អ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហម» ដូចដែលមានចែងនៅក្នុងមាត្រា១ នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ។

នៅថ្ងៃទី២៦ កក្កដា ២០១០ អង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះមេដឹកនាំខ្មែរក្រហមបានប្រកាសសាលក្រម សម្រេចឱ្យ កាំង ហ្កេចអាវ ហៅ ឌុច ជាប់ពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ ក៏ប៉ុន្តែ ដោយ ឌុច បានសារភាពកំហុស និងបានសហការជាមួយតុលាការ ចៅក្រមបានសម្រេចផ្តន្ទាទោស ឌុច ឱ្យជាប់ពន្ធនាគារតែ ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំប៉ុណ្ណោះ។

ការសម្រេចនេះនាំឱ្យមានការប្រតិកម្មខ្លាំងពីជនរងគ្រោះនៅគុកទួលស្លែង ក៏ដូចជាជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ការមិនពេញចិត្តនេះ ធ្វើឱ្យតែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់៕