ក្រុម​តោ​ខៀវ Chelsea បាន​បញ្ចប់​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ Thiago Silva ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ទឹកដី​អង់គ្លេស​ដោយ​គ្មាន​តម្លៃ​ខ្លួន (Free) បន្ទាប់​ពី​ក្លឹ​ប​អ្នកមាន​បារាំង Paris Saint-Germain បើកផ្លូវ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ​ព័ត៌មាន​កីឡា Live Score ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ ។

ខ្សែការពារ​កណ្តាល​ប្រេ​ស៊ី​ល វ័យ​៣៥​ឆ្នាំ រូប​នេះ​បាន​ចុះ​កុងត្រា​រយៈពេល​១​ឆ្នាំ​ជាមួយនឹង​ជម្រើស​១២​ខែ​ទៀត ដែល​វា​នឹង​ក្លាយជា​បទ​ពិសោធន៍​ដំបូង​របស់ Thiago Silva ក្នុង​ការ​លេង​នៅ​ក្របខ័ណ្ឌ​កំពូល English Premier League ។

Thiago Silva គឺជា​កីឡាករ​ទី​៥​ហើយ​ដែល Frank Lampard បាន​ចុះហត្ថលេខា​នាំ​យក​ទៅ​កាន់​ក្រុម​តោ​ខៀវ Chelsea មុន​រដូវ​កាល ២០២០-២១ ចូល​មក​ដល់​បន្ទាប់​ពី​ការ​បាន​នាំ​យក​កីឡាករ Hakim Ziyech, Timo Werner, Ben Chilwell និង Malang Sarr ។

Thiago Silva បាន​និយាយ​ថា ៖«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ។ ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ដឹកនាំ​ដោយ Frank Lampard សម្រាប់​រដូវ​កាល​ក្រោយ ហើយ​ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ប្រកួតប្រជែង​ពេញ​ដោយ​កិត្តិយស ។ ខ្ញុំ​ទន្ទឹង​ជួប​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ​ឆាប់​ៗ ខ្ញុំ​រង​ចាំ​លេង​នៅ Stamford Bridge ឆាប់​ៗ​នេះ​» ។

នាយក​ក្លឹ​ប​តោ​ខៀវ Chelsea លោក Marina Granovskaia បាន​និយាយ​ថា ៖«​យើង​ពិតជា​រីករាយ​ណាស់​ដែល​អាច​បន្ថែម​កីឡាករ​ឆ្នើម​សម្រាប់​ក្លឹ​ប​ដូច​ជា Thiago Silva ដែល​ជា​កីឡាករ​លំដាប់​ពិភពលោក​ដល់​ក្រុម​របស់​យើង ។ តាម​រយៈ​ការ​លេង​នៅ​កម្រិត​ខ្ពស់​បំផុត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក បទ​ពិសោធន៍ ទេព​កោសល្យ និង​គុណភាព​របស់​គាត់​នឹង​បំពេញបន្ថែម​សម្រាប់​យើង​មាននៅ​ទី​នេះ​» ។

នាយក​ក្លឹ​ប​តោ​ខៀវ​បន្ថែម​ថា ៖«Thiago នឹង​ក្លាយជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​យើង​សង្ឃឹមថា គាត់​អាច​ជួយ​យើង​លើក​ពានរង្វាន់​ថ្មី​មួយ​ចំនួន​ដើម្បី​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​បញ្ជី​កិត្តិយស​» ។

ដោយ​មាន​ភាព​លេចធ្លោ​ជា​ខ្សែការពារ​កណ្តាល​ដ៏​ឆ្នើម​ម្នាក់​របស់​ពិភព Thiago Silva ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹ​ប AC Milan បាន​ចូលរួម​ជាមួយ​ក្រុម PSG ក្នុង​ឆ្នាំ​២០១២ ក្នុង​តម្លៃ​៤២​លាន​ផោន និង​បាន​បន្ត​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ប្រទេស​បារាំង ។

Thiago Silva ត្រូវ​បាន​ក្លឹ​ប​តែងតាំង​ជា​ប្រធាន​ក្រុម និង​ធ្លាប់​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​របស់​បារាំង Ligue 1 ចំនួន​៧​ដង​, ពានរង្វាន់ Coupe de France ចំនួន​៥ និង​ពានរង្វាន់ Coupe de la Ligue ចំនួន​៦​លើក ។

ថ្មី​ៗ​នេះ​ខ្សែការពារ​កណ្តាល​រូប​នេះ​ទើបតែ​បាន​ជួយ​ក្រុម PSG ឱ្យ​ឈ្នះ​ពានរង្វាន់​ក្នុងស្រុក​នា​រដូវ​កាល​ឆ្នាំ ២០១៩-២០ ខណៈ​ដែល PSG ក៏​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើក​ដំបូង​របស់​ពួក​គេ​ផង​ដែរ ប៉ុន្តែ​ត្រូវ​បរាជ័យ​ក្នុង​លទ្ធផល ១-០ ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ។

ការ​បាត់បង់​ពាន Champions League នោះ​គឺជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ Silva សម្រាប់​ក្លឹ​ប PSG ព្រោះ​នាយក​កីឡា​របស់​ក្លឹ​ប PSG លោក Leonardo បាន​បញ្ជាក់​កាលពី​ខែមិថុនា​ថា ខ្សែការពារ Thiago Silva មិន​ត្រូវ​បាន​ផ្តល់​កិច្ចសន្យា​ថ្មី​ទេ ។

ការ​ចុះ​កុងត្រា​នាំ​រក​កីឡាករ​ខ្សែការពារ​កណ្តាល Thiago Silva របស់ Frank Lampard នេះ​គឺជា​សញ្ញា​មួយ​របស់​ក្រុម​តោ​ខៀវ Chelsea ខណៈ​ដែល​ពួក​គេ​កំពុង​សម្លឹង​មើល​ឱកាស​ការ​ប្រកួតប្រជែង​ដណ្តើម​ជើងឯក Premier League នៅ​រដូវ​កាល​ក្រោយ ៕

ប្រភព ៖ Live Score , ដោយ ៖ សំណាង