ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ យ៉េល នៃប្រទេសអាមេរិកបានបង្ហាញថា ស្ត្រីមានភាពស៊ាំប្រឆាំងនឹងជំងឺ Covid-19 ខ្លាំងជាងបុរស ។ ការស្រាវជ្រាវថ្មីមួយនេះបានបង្ហាញថា ស្ត្រីមានការវិវត្តនៃភាពស៊ាំខ្លាំងទៅនឹងវីរុស Covid-19 បើប្រៀបធៀបទៅនឹងបុរស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera ដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ។

ការស្រាវជ្រាវដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃពុធ បានកត់សម្គាល់ថា នៅទូទាំងពិភពលោកបុរសមានប្រហែល ៦០ ភាគរយ​ត្រូវបានស្លាប់ដោយសារជំងឺ Covid-19 ដែលជាជំងឺផ្លូវដង្ហើមឆ្លងខ្លាំងដែលបណ្តាលមកពីវីរុសនេះ ។

លោក អាគីកូ អាយវ៉ាសាគី (Akiko Iwasaki) អ្នកដឹកនាំការស្រាវជ្រាវ និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ យ៉េលសហរដ្ឋអាមេរិកបាននិយាយថា ៖«អ្វីដែលយើងបានរកឃើញគឺថា បុរស និងស្ត្រី ពិតជាមានការវិវត្តនៃភាពស៊ាំផ្សេងៗគ្នាទៅនឹងជំងឺ Covid-19» ។

លោក អាគីកូ អាយវ៉ាសាគី (Akiko Iwasaki) អ្នកដឹកនាំការស្រាវជ្រាវ និងជាសាស្រ្តាចារ្យឯកទេសខាងភាពស៊ាំបាននិយាយថា ៖«ភាពខុសគ្នាទាំងនេះអាចបង្កឱ្យមានភាពងាយនឹងកើតជំងឺខ្ពស់ចំពោះបុរស» ។

អ្នកស្រាវជ្រាវបានប្រមូលសំណាករបស់មនុស្សធម្មតាដែលមិនឆ្លង និងអ្នកជំងឺដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Yale New Haven សហរដ្ឋអាមេរិកយកទៅធ្វើការពិសោធន៍ស្រាវជ្រាវ ។ ជាលទ្ធផលពួកគេបានរកឃើញថា ស្ត្រីបានបង្កើនការឆ្លើយតប នៃប្រព័ន្ធភាពស៊ាំខ្លាំងក្លាដែលពាក់ព័ន្ធនឹងប្រព័ន្ធ lymphocytes T ដែលជាកោសិកាឈាមសដែលអាចស្គាល់វីរុស និងកម្ចាត់វីរុសបាន​ ។

ការស្រាវជ្រាវក៏បានរកឃើញផងដែរថា ក្នុងចំណោមស្ត្រីវ័យចំណាស់មានប្រព័ន្ធកោសិកា lymphocytes T ខ្លាំង ផ្ទុយទៅវិញបុរសវ័យចំណាស់មានប្រព័ន្ធកោសិកា T ខ្សោយជាង កាលណាពួកគេកាន់តែចាស់ប្រព័ន្ធនេះកាន់តែចុះខ្សោយ ៕

ប្រភព ៖ Aljazeera , ដោយ ៖ សំណាង