កាលពីខែមុនក្រសួងការពារជាតិហ្វីលីពីនបានបង្ហាញសញ្ញានៃការគាំទ្ររបស់ទីក្រុងម៉ានីលចំពោះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលបានពិពណ៌នាអំពីការទាមទារជាច្រើនរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងថា ជាការខុសច្បាប់ទាំងស្រុង ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលបានចេញផ្សាយកាលពីថ្ងៃទី២៧​ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ។

រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin Jr បានប្រកាសដោយបើកចំហរដើម្បីទទួលយកកិច្ចព្រមព្រៀងការពារជាតិរបស់ទីក្រុងម៉ានីលជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងធ្វើការវាយប្រហារទៅលើនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ANC កាលពីថ្ងៃពុធលោក Loscin ក៏បានប្រកាសផងដែរថា​ ហ្វីលីពីននឹងបន្តដំណើរល្បាតតាមដែនអាកាសរបស់ខ្លួននៅលើតំបន់នោះ​ ទោះបីចិនបានមិនឱ្យមានការហោះហើរបែបនោះដោយចោទប្រកាន់ថាជា «ការបង្កហេតុខុសច្បាប់» ក៏ដោយ ។

រដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះបាននិយាយដោយយោងតាមសេចក្តីសម្រេចជាក់ស្តែងរបស់សាលាក្តីអន្តរជាតិក្នុងឆ្នាំ ២០១៦ ថា ៖«ពួកគេអាចហៅថា ការបង្កហេតុខុសច្បាប់ អ្នកមិនអាចផ្លាស់ប្តូរគំនិតរបស់ពួកគេបានទេនៅសមុទ្រ​ចិន​ខាងត្បូង»​ ។

លោក Teodoro Locsin Jr បានព្រមានថា ៖«ប៉ុន្តែប្រសិនបើមានអ្វីកើតឡើងដែលហួសពីការលុកលុយ ឬការវាយប្រហារទៅលើនាវាកងទ័ពជើងទឹកហ្វីលីពីន…នោះមានន័យថា ខ្ញុំនឹងហៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីឱ្យមកជួយភ្លាម» ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិហ្វីលីពីនបាននិយាយកាលពីពាក់កណ្តាលខែកក្កដាថា ពួកគេយល់ស្របយ៉ាងខ្លាំងជាមួយនឹងជំហររបស់សហគមន៍អន្តរជាតិថា​ គួរតែមានបទបញ្ជាផ្អែកលើច្បាប់នៅក្នុងសមុទ្រចិនខាងត្បូង ។

រឿងនេះត្រូវបានដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដោយបាននិយាយថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងជាការមិនស្របច្បាប់ទាំងស្រុង ។ បន្ទាប់មកស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានឆ្លើយតបដោយនិយាយថា​ ទីក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះការលើកឡើងរបស់លោក Pompeo ៕

ប្រភព ៖ Sputnik , ដោយ ៖ សំណាង