ប្រទេសវៀតណាម ៖ តុលាការខេត្ត Nghe An នៅភាគកណ្តាលប្រទេសវៀតណាមបានសម្រេចកាត់ទោសបុរសជនជាតិចិន៣នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំម្នាក់ពីបទ ប្រើប្រាស់ប័ណ្ណក្លែងក្លាយដើម្បីលួចលុយពីម៉ាស៊ីន ATM ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន VNExpress ដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ។

ជនជាប់ចោទទាំង៣នាក់រួមមាន ទី១-ឈ្មោះ Yang Chang Cai ភេទប្រុស អាយុ៣៤ឆ្នាំ, ទី២-ឈ្មោះ Deng Cong Cong ភេទប្រុស អាយុ៣០ឆ្នាំ និងទី៣-ឈ្មោះ Lian Yu ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបានរកឃើញថា មានកំហុសពីបទប្រើប្រាស់បណ្តាញអ៊ីនធឺណេតតាមកុំព្យូទ័រ និងឧបករណ៍ឌីជីថល ដើម្បីក្លែងបន្លំប្រាក់ ។

អ្នកទាំងបីបានចូលប្រទេសវៀតណាមកាលពីខែកក្កដា ឆ្នាំ២០១៩ ដោយស្នាក់នៅក្នុងរដ្ឋធានី Nghe An និងបានដំឡើងឧបករណ៍នៅតាមម៉ាស៊ីន ATM ក្នុងស្រុកដើម្បីលួចទិន្នន័យរបស់អតិថិជនដើម្បីធ្វើប័ណ្ណក្លែងក្លាយដកប្រាក់ ។

ជនជាប់ចោទដែលជាជនជាតិចិនទាំង០៣នាក់ត្រូវបានធនាគារដែលរងគ្រោះដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងសន្តិសុខសាធារណៈឱ្យធ្វើការចាប់ខ្លួន និងត្រូវបានប៉ូលិសស្រាប់ជ្រាវតាមចាប់បានកាលពីខែកញ្ញា ឆ្នាំ២០១៩ នៅពេលពួកគេកំពុងព្យាយាមចាកចេញពីទីក្រុង ។

មន្ត្រីប៉ូលិសបានរកឃើញវត្ថុតាងកាតធនាគារក្លែងក្លាយចំនួន ៣១៦ និងឧបករណ៍អេឡិចត្រូនិចចំនួន៣ឈុត ដែលមានម៉ាស៊ីនថតខ្នាតតូច និងកម្មវិធីប្រមូលទិន្នន័យ ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានលួចលុយចំនួនជាង ២៧៩ លានដុង (១២.០៦០ ដុល្លារ) ពីគណនីមួយចំនួននៅចន្លោះខែសីហា និងខែកញ្ញា ឆ្នាំ២០១៩ ៕

ប្រភព ៖ VNExpress , ដោយ ៖ សំណាង