រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល ក៏​គ្រោង​យក​ផែនទី​ឋានលេខា​ព្រំដែន​គោក ១/២៥ ០០០ រវាង កម្ពុជា​និង​វៀតណាម​ ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ UN ។

នៅថ្ងៃ​ទី​២៧ ខែសីហានេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ពិធី​ប្រគល់​ផែនទី​ឋានលេខា​ព្រំដែន​គោក ១/២៥ ០០០ រវាង​កម្ពុជា​-​វៀតណាម ជូន​ស្ថាប័ន​នានា​ចំនួន​៣៥ ដើម្បី​យក​ទៅ​អនុវត្ត ក្រោម​អធិបតី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​វិមាន​សន្តិភាព ។

ឯកឧត្តម វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា បាន​លើក​ឡើង​ថា ផែនទី​ឋានលេខា​ព្រំដែន​គោក ១/២៥ ០០០ រវាង​កម្ពុជា​-​វៀតណាម នេះ ធ្វើ​ឡើង​ដោយ​មានការ​ព្រមព្រៀង​គ្នា​រវាង​ភាគី​កម្ពុជា និង​វៀតណាម និង​ស្រប​តាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ព្រមទាំង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ។

ឯកឧត្ដម បញ្ជាក់​ថា ផែនទី​នេះ កម្ពុជា​និង​វៀតណាម បាន​ឯកភាព​គ្នា​ឲ្យ​ប្រទេស​ទី​៣ ពោល គឺ​ប្រទេស​ដា​ណឺ​ម៉ាក ជា​អ្នក​បោះពុម្ព ដើម្បី​បង្ហាញ​ពី​សុក្រឹតភាព នៃ​ផែនទី​ដ៏​ទំនើប ដែល​អាច​មើលឃើញ​ស្ថានភាព​នៅ​តាម​ព្រំដែន និង​បង្គោល​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​យ៉ាង​ច្បាស់​ពីលើ​អាកាស ។

បើ​តាម​ឯកឧត្តម វ៉ា គឹ​ម​ហុង ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​លើ​ការ​បង្កើត​ផែនទី​ឋានលេខា​ព្រំដែន​គោក ១/២៥ ០០០ កម្ពុជា​-​វៀតណាម​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​គ្រោង​យក​ផែនទី​នេះ ទៅ​តម្កល់​ទុក​នៅ​អង្គការសហប្រជាជាតិ UN នៅ​ពេល​ខាង​មុខ ដើម្បី​ទុកជា​ឯកសារ​គតិយុត្តិ ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ។

ជាមួយ​គ្នា​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ចាត់​ទុក​ផែនទី​នេះ​ថា ជា​តឹកតាង​ដ៏​រឹង​មាំ និង​ជា​លទ្ធផល​ជាទី​មោ​ទ​ន​សម្រាប់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម ។

សម្តេច ក៏​បន្ថែម​ថា ការ​យក​ផែនទី​នេះ​ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ ជា​រឿង​ដែល​រាជរដ្ឋាភិបាល នឹង​ធ្វើ​តែ​មិន​ទាន់​អាច​បញ្ជាក់​ថា ពេល​ណាមួយ​ឲ្យ​ពិតប្រាកដ​នោះ​ឡើយ ។

សូម​បញ្ជាក់​ថា កម្ពុជា និង​វៀតណាម ភាគី​ទាំង​ពីរ បាន​សម្រេចការ​បោះបង្គោល​ព្រំដែន​បាន​ប្រមាណ ៨៤ ភាគរយ ដោយនៅ​សល់​តែ ១៦ ភាគរយ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​បញ្ចប់ ៕