ប្រភព​ពី​ក្លិប​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន AFP​ កាលពី​ថ្ងៃ​អង្គា​រថា កីឡាករ​ឆ្នើម Lionel Messi បាន​ជូនដំណឹង​ដល់​ក្រុម Barcelona ថា រូបគេ​ចង់​បញ្ចប់​កិច្ចសន្យា​ជា​ឯកតោភាគី​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​ដ៏​អាក្រក់​នេះ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Bangkok Post ដកស្រង់ចេញផ្សាយនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះ​ ។

មេធាវី​របស់​តារា​ឆ្នើម​អា​ហ្ស​ង់​ទី​ន​បាន​ផ្ញើ​សារ​ទៅ​កាន់​ក្លិប​អ្នកមាន​បុណ្យ Barcelona ដែល​ក្នុង​នោះ​ពួក​គេ​បាន​ប្រកាសប្រាប់​ពី​បំណងប្រាថ្នា​របស់ Messi​ចង់​ចាក​ចេញពី​ក្លិប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់ ។

យោង​តាម​ប្រភព Marca បានឱ្យ​ដឹង​ថា ៖«​កុងត្រា​របស់ Messi នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ប៉ុន្តែ Messi​ស្នើ​សុំ​ឱ្យ​បញ្ចប់​កិច្ចសន្យា​របស់​ខ្លួន​ឥឡូវនេះ​» ។

វា​ជា​ឱកាសល្អ​មួយ​សម្រាប់​ក្លិប​ដទៃ​ដែល​ចង់បាន​តារា​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ដោយ​កន្លង​មក​ក្លិប​អ្នកមាន​បុណ្យ FC Barcelona ក៏​ធ្លាប់​ប្រកាស​ហើយ​ថា បើ​ចង់បាន​កីឡាករ​ឆ្នើម Lionel Messi ទាន់​តែ​មាន​លុយ​៧០០​លាន​អឺ​រ៉ូ (​ប្រហែល​៨២៨​លាន​ដុល្លារ​) សិន​ទើប​អាច​នាំ​យក​រូបគេ​ចេញពី​ទឹកដី Camp Nou បាន ។

Messi បាន​ចូល​ហ្វឹកហាត់​សាលា​យុវជន​របស់​ក្លិប FB Barcelona​តាំងពី​នៅ​អាយុ​១៣​ឆ្នាំ និង​បាន​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៤ ក្នុង​វ័យ​១៧​ឆ្នាំ ។ ម្ចាស់​ពានរង្វាន់ Ballon d’Or ៦ សម័យកាល​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​របស់​ក្លឹ​ប​ដោយ​រកបាន ៦៣៤ គ្រាប់ និង​ធ្លាប់​ឈ្នះ​ពានរង្វាន់ Champions League ចំនួន​៤​ដង ។

ប៉ុន្តែ​អនាគត​របស់ Messi នៅ​ឯ​ក្លិប Barca ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​​ក្នុង​លទ្ធផល ៨-២ ក្រោម​ស្នាដៃ​ក្រុម Bayern Munich ក្នុង​ការ​ប្រកួត Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ទីក្រុង Lisbon ។

វា​ជា​កំណត់​ត្រា​ដ៏​អាក្រក់​មួយ​របស់ Barca ដែល​ចាញ់​ដល់​ទៅ​៨​គ្រាប់​ក្នុង​មួយ​ការ​ប្រកួត ចាប់តាំងពី​ធ្លាប់​ចាញ់ Sevilla ៨-០ ក្នុង​ព្រឹត្តិការណ៍ Spanish Cup ឆ្នាំ​១៩៤៦​កន្លង​មក ។

ការ​បរាជ័យ​ដ៏​អាម៉ាស់​នេះ​បាន​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្លិប FC Barcelona ជាក់ស្តែង​គ្រូបង្វឹក​លោក Quique Setien ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ភ្លាម​ៗ​បន្ទាប់​ពី​បាន​ដឹកនាំ​អស់​រយៈពេល ៦​ខែ ខណៈ​ដែល​នាយក​កីឡា​លោក Eric Abidal ក៏​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ផង​ដែរ ៕

ប្រភព ៖ Bangkok Posts , ប្រែ​សម្រួល​ដោយ ៖ សំណាង