រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​សន្យា​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដល់​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេង​ទៀត នៅ​តាម​ដង​ទន្លេមេគង្គ នៅ​ពេល​ដែល វ៉ា​ក់​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ នា​ពេល​ខាង​មុខ​នេះ ។

ការ​ប្រកាស​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែសីហា ឆ្នាំ​២០២០ គឺ​ប្រទេស​ឡាវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ ដែល​មាន​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ និង​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ ក្រោម​មូលបទ «​ពង្រឹង​ភាព​ជា​ដៃគូ ដើម្បី​វិបុលភាព​រួម​» ។

លោកនាយក​រដ្ឋមន្ត្រី​ចិន បាន​បន្ថែម​ថា ប្រទេស​ចិន នឹង​បង្កើត​ជំនួយ​ពិសេស​មួយ ដើម្បី​លើក​ស្ទួយ​វិស័យ​សុខភាព​សាធារណៈ ស្ថិត​ក្រោម​យន្តការ​ជំនួយ​ពិសេស​របស់​មេគង្គ​-​ឡាន​ឆាង ហើយ​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ផ្នែក​បរិក្ខា និង​បច្ចេកទេស​ដល់​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​សកល ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​ប្រធានបទ​ដ៏​ក្ដៅ​បំផុត​ក្នុង​ឆ្នាំ​២០២០ សម្ដេច​នាយក​រដ្ឋមន្ត្រី ជំរុញ​ឲ្យ​បង្ហាញ​ពី​សាមគ្គីភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម​នេះ ដើម្បី​ធានា​ថា ជំងឺ​នេះ​នឹង​មិន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ ជា​ពិសេស គឺ​មិន​បំផ្លាញ​អនាគត​ប្រកបដោយ​វិបុលភាព សម្រាប់​តំបន់​យើង ។

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការ​ផលិត​វ៉ាក់សាំង និង​ការ​ប្ដេជ្ញា​ចិត្ត​ផ្ដល់​វ៉ាក់សាំង​នេះ ក្នុង​តម្លៃ​មួយ​សម​ស្រប​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ៕