ប្រទេសសឹង្ហបុរី គ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសណូវែលសេឡង់ និងព្រុយណេ ចាប់ពីខែកញ្ញាខាងមុខនេះ។ នៅក្នុងសេចក្តីប្រកាស រដ្ឋាភិបាលបាននិយាយថា ប្រទេសណូវែលសេឡង់ និងព្រុយណេ មានហានិភ័យទាប នៃជម្ងឺកូវីត-19 អាចអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីប្រទេសទាំងពីរចូលក្នុងប្រទេសបានដោយមិនគិតពីគោលបំណង។

សេចក្តីប្រកាសនិយាយថាអ្នកទេសចរ ត្រូវដាក់ពាក្យសុំជាមុនដើម្បីធ្វើតេស្ត រកមេរោគនៅពេលមកដល់។ ពួកគេនឹងត្រូវបានលើកលែងពីរយៈពេលនៃការធ្វើចត្តាឡីស័ក ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមានដែលមានន័យថាការស្នាក់នៅរយៈពេលខ្លីនឹងអាចធ្វើទៅបាន។ បច្ចុប្បន្នប្រទេសសឹង្ហបុរី អនុញ្ញាតឱ្យភ្ញៀវទេសចរមកពីប្រទេសចិន និងប្រទេសមួយចំនួនទៀតសម្រាប់គោលបំណងដូចជាពាណិជ្ជកម្ម ខណៈភ្ញៀវទេសចរបរទេសមកពីគ្រប់ប្រទេសទាំងអស់ត្រូវបានហាមឃាត់ចាប់តាំងពីខែមីនាមក។

រដ្ឋាភិបាលក៏បាននិយាយផងដែរថា បានចាត់ទុកប្រទេសនិងទឹកដីចំនួន ៦ ផ្សេងទៀតរួមមានប្រទេសចិន និងវៀតណាម ដែលមានហានិភ័យទាប ហើយនឹងធ្វើការសម្រេចចិត្តថាតើត្រូវបន្ធូរបន្ថយការរឹតត្បិតឬយ៉ាងណា។