ប្រទេសចិន៖ ប្រព័ន្ធផ្សព្វផ្សាយចិន បានផ្សាយនៅថ្ងៃទី២០ខែសីហាថា នាវាដឹកប្រេងមួយគ្រឿងដែលមានប្រេងសាំងដល់ទៅ៣ពាន់តោន បានបុកគ្នាជាមួយនាវាដឹកទំនិញ បណ្ដាលឱ្យនាវាដឹកប្រេងសាំង បានឆាបឆេះយ៉ាងខ្លាំង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជើងទឹកដ៏កម្រនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣៩នាទីព្រឹក ថ្ងៃទី ២០ខែសីហា (ម៉ោងក្នុងតំបន់) នៅតំបន់សមុទ្រ ទីក្រុងសៀងហៃ ។

បើតាមរូបភាពដែលបានផ្សាយលើបណ្តាញទូរទស្ស CCTV បង្ហាញឲ្យឃើញថា នាវាដឹកប្រេងសាំង បានឆាបឆេះយ៉ាងខ្លាំង នៅកណ្តាលសមុទ្រ ។ កម្លាំងការពារដែនសមុទ្របានខិតខំពន្លត់ភ្លើងយ៉ាងសកម្មដែរ ។ ចំណែកនាវាដឹកទំនិញបានលិច ក្រោយពេលបុកគ្នានោះ ហើយមានតែនាវឹក៣នាក់ប៉ុណ្ណោះដែលបានជួយសង្គ្រោះទាន់ពេលវេលា ។ ចំណែកនាវឹក១៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ។

ក្រុមអ្នកជំនាញ កំពុងតែបើកការស្រាវជ្រាវរកមូលហេតុគ្រោះថ្នាក់ខាងលើ ដើម្បីបញ្ជាក់ការពិត ៕