រាជធានីភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទិញ​រថយន្ត​ដឹក​សំរាម ​ចំនួន ៧០​គ្រឿង ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​សំរាម​ក្នុងក្រុង​ភ្នំពេញ និង​ដើម្បី​ប្រតិបត្តិការ​សំអាត​បរិស្ថាន​ ។

នៅ​ថ្ងៃទី១២ សីហានេះ លោក ជិន ប៊ុ​ន​ធឿ​ន និង លោក កែ​ពន្លក នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ប្រគល់​-​ទទួល រថយន្ត​ដឹក​សំរាម ចំនួន​៥០​គ្រឿង ដែល​ជា​ការ​បញ្ជា​ទិញ​របស់​សាលា​រាជធានី​ភ្នំពេញ​ ។

បើ​តាម​លោក ជិន ប៊ុ​ន​ធឿ​ន សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទិញ​រថយន្ត​ដឹក​សំរាម សរុប​ចំនួន​៧០​គ្រឿង ដោយ​ពិធី​ប្រគល់​-​ទទួល លើក​ទី​១ មាន​ចំនួន ២០​គ្រឿង ហើយ​លើក​ទី​ពីរ​នេះ មាន​ចំនួន​៥០​គ្រឿង​ ។

លោក ជិន ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា ការ​បញ្ជា​ទិញ​រថយន្ត​ដឹក​សំរាម​នេះ គឺ​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ និង​អន្ដរាគមន៍​នៅ​ពេល​មាន​បញ្ហា​កកស្ទះ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ និង​មួយ​ផ្នែក​ទៀត ដើម្បី​ចូលរួម​ក្នុង​ការ​សំអាត​បរិស្ថាន​-​សំណល់​ផ្សេង​ៗ​ក្នុង​រាជធានី​ភ្នំពេញ ឱ្យ​មាន​សោភ័ណ​ភាពល្អ​ប្រសើរ ស័ក្តិសម​ជាទី​ក្រុង​ស៊ី​វី​ល័យ និង​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕