ភ្នំពេញ ៖ ពេលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភាគីពាក់ព័ន្ធមួយចំនួន ពិនិត្យរឿងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ហើយ ក្រោយពីនារីៗជាមន្រ្តីនគរបាលមួយក្រុម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់ពាក្យស្នើសុំលើកដៃសំពះអង្វរដល់សម្ដេច មេត្តាជួយរកយុត្តិធម៌ដល់ពួកនាងពីករណីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបៀតបៀនកេរ្តិ៍ខ្មាសនោះ។

ថ្លែងក្រោយបញ្ចប់ពិធី ប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ សម្ដេចក្រឡាហោម ស ខេង ថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖ «ខ្ញុំបានទទួលព័ត៌មាននេះ ហើយក៏បញ្ជូនទៅឯកឧត្តមនាយឧត្តមសេនីយ៍នេត សាវឿន ឯកឧត្តមរដ្ឋលេខាធិការ ចាន់ អ៊ាន ក៏ដូចជា អភិបាលខេត្តកំពង់ធំ ដើម្បីពិនិត្យករណីនេះ ។ ប៉ុន្ដែព័ត៌មានជាបឋម ទាក់ទងបញ្ហាហ្នឹង គឺមិនមែនថ្មីទេ រឿងយូរហើយ»។

សម្ដេចក្រឡាហោម បញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់សម្រេច ដោះស្រាយយ៉ាងម៉េច នៅឡើយ រងចាំក្រុមការងារដើម្បីធ្វើការត្រួតពិនិត្យ»។
សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកដែរថា នាពេលកន្លងទៅ សម្ដេចបានធ្វើលិខិតព្រមានស្នងការនគរបាលខេត្តកំពង់ធំ នេះរួចម្ដងហើយ។ ក្រោយពីការព្រមានហើយ សម្ដេចក៏បានឲ្យសន្យាថា បើមិនកែប្រែទេ នឹងឈានទៅមួយជំហានទៀត គឺការដកតំណែង ឬចាត់វិធានការរដ្ឋបាលណាមួយធ្ងន់ជាងនេះ។

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះដែរ លោកស្រី ចក់ សុភាព ប្រជាធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្រី ដល់ស្ថានដែលពាក់ព័ន្ធទាំងអស់ឱ្យ ចូលរួមដោះស្រាយបញ្ហាបំពានលើស្ត្រី ដាក់ទោសទណ្ឌលើជនល្មើសតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងដោយសារឋានៈ ឬក្រុមបក្សពួក (លុបបំបាត់នូវវប្បធម៌និទណ្ឌភាព)នោះឡើយ ទើបជាការធានានូវសីលធម៌ សេចក្តីថ្លៃថ្នូរនិងសណ្តាប់ធ្នាប់សង្គម មិនមែនដោយការកំហិតលើសំលៀកបំពាក់របស់ស្ត្រីឬការដាក់បន្ទុកបន្ថែម ដោយសារការស្លៀកពាក់ឬឥរិយាបទណាមួយរបស់ស្ត្រី ជាមូលហេតុនៃអំពើហឹង្សាឬបៀតបៀននោះឡើយ។

លោកស្រី ចក់ សុភាព សង្ឃឹមថាបុគ្គលទាំងឡាយដែលអះអាងថា គាំទ្រដល់ការរក្សានូវសេចក្តីថ្លៃថ្នូរសម្រាប់ស្ត្រីនឹងចូលរួមទាមទារនិងផ្តល់នូវយុត្តិធម៌ដល់ស្ត្រីគ្រប់រូបដែលបានរងគ្រោះដូចករណីនេះជាដើម។

បើយោងតាមលិខិតមួយចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ របស់នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំ គោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបរាប់ថា៖
ក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩ ពួកនាងខ្ញុំមួយចំនួនត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការ បានហៅនាងខ្ញុំឲ្យទៅជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន។ ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំ ជាមេកើយ នាងខ្ញុំក៏បានទៅជួបគាត់ម្ដងម្នាក់ៗ។

ពេលចូលទៅដល់បន្ទប់តែពីរនាក់ លោកស្នងការបានសួរបញ្ជាក់ថាពាក់ស័កិ្តប៉ុន្មាន? ហើយមុខតំណែងអីសព្វថ្ងៃ? ហើយបើចង់បានមុខតំណែង ឬឡើងស័កិ្ត ចង់ចាំបងជួយ ព្រោះបងជាស្នងការ ជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឱ្យតែអូនព្រមស្រលាញ់បង។ យ៉ាងទៀត បើអូនព្រមស្រឡាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិតបង្កកំណើតទេ។ ពេលឮសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្ត មិននឹកស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះមកលើនាងខ្ញុំជាកូនចៅ ជានារីភេទនោះទេហើយនគរបាលជានារីខ្លះមានទាំងប្ដីទាំងកូនផង។

ក្រៅពីពាក្យសម្ដីលួងលោម បុគ្គលនេះបានចាប់បង្ខំឱ្យស្ទាបអង្អែលកេរ្តិ៍ខ្មាស ដោយមិនញញើត ទោះបីពេលខ្លះពួកនាងខ្ញុំខំរើបម្រះ ឬចង់ស្រែកប្រាប់គេឯង ក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ។ ម្យ៉ាងទៀត គាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់ប្រព្រឹត្តនោះឲ្យនៅណាដឹងទេ បើហ៊ានគឺមានបញ្ហាហើយ។

ទោះបីដឹងថាបុគ្គលនេះតែងតែប្រព្រឹត្តបែបនេះមកលើរូបកាយ និងផ្លូវភេទពួកនាងយ៉ាងណា ក៏មិនហ៊ានប្រាប់នរណាដែរ ម្យ៉ាងខ្លាចប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរនាងខ្ញុំជាស្ត្រីភេទទន់ខ្សោយ ម្យ៉ាងខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារ ខ្លាចរឿងនេះដឹងដល់ប្ដីអាចប្រឈមនឹងការលែងលះគ្នា ធ្វើឱ្យបែកបាក់គ្រួសារ។ ពេលខ្លះ ពួកនាងត្រូវយកឯកសារទៅឆ្លងយោបល់គាត់ ម្នាក់ៗខ្លាចមិនហ៊ានទៅជួបទេ តែជាភារកិច្ចហើយ មិនអាចប្រកែកបាន ម្យ៉ាងទៀតគាត់ប្រាប់តាមរយៈនាយការិយាល័យ ឬស្នងការរងទទួលផែន តម្រូវឲ្យយើងខ្ញុំទៅបកស្រាយផ្ទាល់ ទើបគាត់ព្រម។

នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំ បានលើកឡើងចំៗថា ក្រៅពីស្ទាបអង្អែលសុដន់ឬកេរ្តិ៍ភេទនាងខ្ញុំដែលជាជនរងគ្រោះ បុគ្គលនេះក៏បង្ខំឱ្យនាងខ្ញុំលេងប្រដាប់ភេទគាត់រហូតដល់ចេញទឹកកាម ទើបគាត់ព្រមឲ្យចាកចេញពីបន្ទប់របស់គាត់។ នគរបាលជានារីដែលចូលទៅជួបគាត់មួយចំនួន គឺជួបនឹងរឿងបែបនេះហើយក៏មាននគរបាលជានារីខ្លះជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារ ដោយសារការប្រព្រឹត្តអំពើដ៏ថោកទាបរបស់បុគ្គល អ៊ុក កុសល មកលើមន្ត្រីនគរបាលជានារី។

កន្លងមក ពួកនាងខ្ញុំបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។ផ្ទុយទៅវិញបុគ្គលនេះកាន់តែគៀបសង្កត់មើលងាយមើលថោកមកលើពួកនាងខ្ញុំជាជនរងគ្រោះ ដោយគំរាមមិនឱ្យតែងតាំង ឬដំឡើងស័ក្តិជាដើម។

មកដល់ពេលនេះ ពួកនាងខ្ញុំគ្មានផ្លូវណាដើម្បីជ្រើសរើសក្រៅពីគោរពស្នើសុំដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ដែលជាឪពុកម្ដាយជួយរកយុត្តិធម៌ឲ្យកូនចៅជាជនរងគ្រោះផង ព្រោះអ្នកប្រព្រឹត្តជាមេកើយហើយមានអំណាចគៀបសង្កត់មកលើកូនចៅដែលទន់ខ្សោយ៕