ភ្នំពេញ៖ ស្រីជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារជាន់ទី៥ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារ Rumduol Grand Hote តាមបណ្តោយផ្លូវ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

មុនពេលកើតហេតុ នៅវេលាម៉ោង ៥៖៣០នាទីព្រឹកថ្ងៃទី១១ ខែសីហានេះ ឃើញស្ត្រីជនជាតិចិនម្នាក់ រួមជាមួយនឹងបុរសជនជាតិចិន ២នាក់ទៀត នាំស្ត្រីជនជាតិចិនរងគ្រោះចូលក្នុងសណ្ឋាគារ Rumduol Grand Hote ដោយមានការទាញប្រតាយប្រតប់គ្នាជាមួយស្ត្រីជនរងគ្រោះផងដែរ។

លុះមកដល់វេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃដដែល គេឃើញស្ត្រីជនជាតិចិនរងគ្រោះ យកភួយចង សម្រូតចុះពីបន្ទប់ជាន់ទី៥ ដើម្បីគេចខ្លួន តែចៃដន្យក៏របូតធ្លាក់ភួយនោះ មកទើរលើជាន់ក្រោម រងរបួសធ្ងន់។

បើតាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ច ករណីនេះ សង្ស័យជាករណីចាប់ជំរិត។
ក្រោយពេលកើតហេតុ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជាឱ្យសមត្ថកិច្ចមូលដ្ឋាន និងអធិការខណ្ឌ បិទច្រកចេញ-ចូលក្នុងសណ្ឋាគារទាំងអស់ និងបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ យកមកប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ ដើម្បីធ្វើការសួរនាំដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ នៃការធ្លាក់ពីលើសណ្ឋាគារនេះ៕