បរទេស ៖ នៅទីបំផុត លោកនាយករដ្ឋមន្ត្រីលីបង់ ហាស្សាន ឌីអាប់ (Hassa Diab) បានប្រកាសចុះចេញពីអំណាច តាមការទាមទាររបស់ក្រុមបាតុករ បន្ទាប់ពីការធ្វេសប្រហែស ផ្ទុះឃ្លាំងផ្ទុកសារធាតុអាម៉ូញ៉ូមនីត្រាត ដ៏កក្រើកក្នុងរដ្ឋធានីបេរូត កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បណ្តាលឲ្យពលរដ្ឋស្លាប់ចំនួន១៦៣នាក់ និងជាង ៦០០០នាក់ផ្សេងទៀតរងរបួស។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នាព្រឹកថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២០ ថា លោកនាយករដ្ឋមន្ត្រីលីបង់ ហាស្សាន ឌីអាប់ (Hassa Diab) បានការប្រកាសរំលាយរដ្ឋាភិបាលចោល ដើម្បីទទួលខុសត្រូវចំពោះការធ្វេសប្រហែស ដែលបានបង្កឲ្យមានសោកនាដកម្ម ដ៏ធំធេង ដល់ប្រទេសជាតិ តាមការទាមទាររបស់ក្រុមបាតុករ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ករណីផ្ទុះដ៏កក្រើកសារធាតុអាម៉ូញ៉ូមនីត្រាត ចំនួនជាង ២,០០០តោន (ammonium nitrate) នៅតំបន់កំពង់ផែទីក្រុងបេរូត បណ្តាលឲ្យពលរដ្ឋស្លាប់ និងរបួសច្រើនពាន់នាក់ ហើយច្រើនពាន់នាក់ប្រឈមនឹងគ្មានកន្លែងជ្រកកោន៕