រាជធានីភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចបានសង្កេតឃើញថា មានមន្ដ្រីមួយចំនួនដេកដល់ម៉ោង១០ព្រឹក ហើយមិនទាន់ក្រោកទៅធ្វើការទៀត។

សម្តេច ស ខេង បានហៅមន្ដ្រីបែបនេះខ្ចិលច្រអូសពោលគឺមិនឡើងតួនាទីឡើយ ហើយបើមន្ដ្រីណាមួយធ្វើការងារល្អ សម្ដេចនឹងផ្ដល់ជូនតួនាទីអ្វីមួយ។

សម្ដេចបានថ្លែងថា មានមន្ដ្រីមួយចំនួនបានពឹងពាក់ឲ្យអ្នករត់ការដើម្បីទទួលបានតួនាទី។ ការធ្វើដូច្នេះមិនត្រឹមត្រូវឡើយ កាលណារត់ការព្រៀបដូចមិនទុកចិត្តខ្លួនឯង និងមិនទុកចិត្តការវាយតម្លៃរបស់ថ្នាក់ដឹកនាំ។

សម្ដេចមានប្រសាសន៍ថា «យើងខ្ញុំជាអ្នកដឹកនាំគ្រប់គ្រងនេះ ក៏យើងខ្ញុំមិនពឹងផ្អែកទៅលើអ្នករត់ការ ឬអ្នកណាចូលផ្ទះខ្ញុំញឹកញាប់ដែរ អ្នកណាអាសារឲ្យអង្ករ ឬត្រីងៀត អាហ្នឹងល្អ។ តែអាគ្នាខំធ្វើការចង់ងាប់គ្នាអត់បានធ្វើឲ្យយើងថាគ្នាអាក្រក់ អាហ្នឹងទស្សនៈចឹងមិនត្រូវត្រឹមទេ។ មន្ដ្រីខ្លះដេកដល់ម៉ោង១០ មិនទាន់ក្រោកពីដេកផង ឲ្យរៀបចំតែងតាំងវាមិនកើតរឿងនេះជារឿងជាតិ»។

ជាងនេះទៅទៀត សម្ដេច ស ខេង បានអះអាងធានាថា បើមន្ដ្រីណាមួយធ្វើការងារលិចធ្លោជាងគេ និងមានសមត្ថិភាពអាចដឹកនាំបានសម្ដេចនឹងផ្ដល់ជូននៅតួនាទីអ្វីមួយ ព្រោះបទពិសោធន៍ការងារ មានសារសំខាន់ដើម្បីការងារនាពេលអនាគត៕