រាជធានីភ្នំពេញ ៖ ទីបំផុត រាជរដ្ឋាភិបាលថៃ សម្រេចអនុញ្ញាតឲ្យពលករចំនួន៣ប្រទេស នៅក្នុងតំបន់ រួមមានកម្ពុជា ភូមា និងឡាវ ត្រឡប់ទៅធ្វើការនៅប្រទេសថៃ បានឡើងវិញ បានចាប់ពីខែសីហា ឆ្នាំ២០២០នេះតទៅ តែត្រូវមានលក្ខខណ្ឌមួយចំនួន។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកឲ្យដឹងនៅថា អាជ្ញាធរថៃ បានអនុញ្ញាតឲ្យពលករខ្មែរចំនួន២៤០០នាក់ ភូមា៤៥០០នាក់ និងឡាវ១០០០នាក់ ទៅធ្វើការនៅតាមក្រុមហ៊ុននានានៅប្រទេសថៃ ដោយផ្តោតទៅលើវិស័យសំណង់ និងចំណីអាហារ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ចំពោះលក្ខខណ្ឌវិញរដ្ឋាភិបាលថៃ មិនតម្រូវឲ្យពលករបរទេសទាំងនោះ មានវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ១៩នោះ ប៉ុន្តែត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ពេលទៅដល់ប្រទេសថៃ និងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាមុនសិន មុននឹងអនុញ្ញាតឲ្យចូលធ្វើការ។

លោក អន ប៊ុនហាក់ បញ្ជាក់ថា ការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ គឺក្រុមហ៊ុនទទួលពលករនៅថៃជាអ្នកធានារ៉ាប់រងទាំងកន្លែងធ្វើចត្តាឡីស័ក អាហារបីពេល សម្ភារផ្សេងៗនិងការធ្វើតេស្តចំនួន២ដង ដែលសរុបការចំណាយទាំងអស់ចំនួន១៣៩០០បាតហើយ ក្នុងកំឡុងពេលធ្វើចត្តាឡីស័កនេះ ពលករទទួលបានប្រាក់ឈ្នួលចំនួនពាក់កណ្តាលនៃប្រាក់ខែគោលផងដែរ។ ក្នុងករណីពលករណាម្នាក់មានឆ្លងជំងឺកូវីដ១៩នោះ ថៅកែក្រុមហ៊ុនជាអ្នកធានារ៉ាប់រងទៅលើការព្យាបាលនិងសេវាផ្សេងៗទៀតរហូតដល់ចេញពីមន្ទីរពេទ្យ៕

ដោយ៖សុភាព២