យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ប្រទេសវៀតណាម រកចំណូលបានជិត ២ ពាន់លានដុល្លារ ពីការនាំចេញបន្លែ ផ្លែឈើក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដោយធ្លាក់ចុះពីឆ្នាំមុនៗដល់ចំនួន ១២,៣ ភាគរយ ។ ទីផ្សារនាំចេញបន្លែ ផ្លែឈើ របស់ប្រទេសវៀតណាម រួមមានប្រទេសចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសថៃ។

ក្រសួងបាននិយាយថា ប្រទេសវៀតណាមកំពុងព្យាយាមរកប្រាក់ចំនួន ៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការលក់បន្លែ និងផ្លែឈើ នៅឯនាយសមុទ្រក្នុងឆ្នាំនេះ។ ក្នុងរយៈពេល ៧ ខែនេះ ប្រទេសវៀតណាមបានចំណាយប្រាក់ ៧០៨ លានដុល្លារអាមេរិក ក្នុងការនាំចូលបន្លែផ្លែឈើ ដែលធ្លាក់ចុះ ៣៧.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលប្រទេសចិន និងសហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់ធំជាងគេ។

យោងតាមការិយាល័យស្ថិតិទូទៅរបស់ ប្រទេសវៀតណាម បានឱ្យដឹងថាប្រទេសវៀតណាម បានប្រមូលចំណូលសរុបចំនួន ៣,៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញបន្លែនិងផ្លែឈើនៅក្នុងឆ្នាំ ២០១៩ ដែលធ្លាក់ចុះ ១,១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននោះ។