ខេត្តស្វាយរៀង៖ រថយន្ដកាមរីឆ្លាម កំពុងបើកបរសុខៗ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ កម្លាំងសមត្ថកិច្ចមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗដែរ នៅតែឆេះខ្ទេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ស្ថិតនៅចំណុច ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញក្រុងបាវិត ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តរងគ្រោះ ឈ្មោះសេក សុខុន អាយុ៥២ឆ្នាំ មុខរបរបុគ្គលិកផែតេងឡាយ ស្នាក់នៅបណ្ដោះអាសន្ននៅក្រុងបាវិត។

មុនពេលកើតហេតុ ម្ចាស់រថយន្ដខាងលើ កំពុងបើកបររថយន្តកាមរីឆ្លាម ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ២X-២៥៧៨ សុខៗ ស្រាប់តែមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។

ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ សហការជាមួយកម្លាំងនគរបាលក្រុងបាវិត បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ តែដោយភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បានបណ្ដាលឲ្យរថយន្តឆាបឆេះខូចខាតទាំងស្រុង។ តែករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់នោះទេ៕