តាមប្រភពប៉ូលិសរដ្ឋ Kerala បានឲ្យដឹងថា គិតត្រឹមម៉ោង១២​និង០០យប់រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះមានមនុស្សយ៉ាងតិច ១៥ នាក់ត្រូវបានស្លាប់ និង៣៥នាក់​ទៀត​រង​របួសថែមទាំង​មាន​មនុស្សកំពុង​ជាប់គាំងក្នុងយន្តហោះនៅក្នុងសោកនាដកម្មធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air India Express ។ នេះបើ​យោង​តាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅយប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះ ។

ក្រសួងអាកាសចរណ៍ស៊ីវិលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដឹកអ្នកដំណើរដែលធ្លាក់ជា​ប្រភេទយន្ត​ហោះ Boeing-737 ដែលហោះហើរពីទីក្រុងឌូបៃទៅកាន់ប្រទេសឥណ្ឌាដោយមានអ្នកដំណើរ និងនាវិកចំនួន ១៩១ នាក់នៅលើយន្ត​ហោះ និងមានទារកចំនួន ១០ នាក់នៅលើយន្តហោះ ។

អាជ្ញាធរបាននិយាយថា យន្តហោះដឹកអ្នកដំណើរ Boeing-737 នេះបានដាច់ជាពីរ​កំណាត់​ក្រោយ​ធ្លាក់ចូល​ក្នុងជ្រលង​ភ្នំទាំង​មេឃកំពុងភ្លៀងខ្លាំង ខណៈនេះក្រុមជួយសង្គ្រោះកំពុងតែនៅកន្លែងកើតហេតុដើម្បីជួយ​សង្គ្រោះអ្នកដំណើរ​ដែលជាប់គាំងនៅក្នុងយន្តហោះ ។

ភ្លាមៗក្រោយកើតហេតុលោករដ្ឋមន្ត្រីឥណ្ឌា A. C. Moideen បាននិយាយថា លោកកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុធ្លាក់យន្តហោះនោះបន្ទាប់ពីត្រូវបានស្នើសុំឱ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះ ។

សូមបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ Boeing-737 ដែលមានជើងហោះហើរពិសេស​ពីឌូបៃទៅ​កាន់​ប្រទេស​ឥណ្ឌានេះ គឺជាជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដែលត្រូវបានគ្រប់គ្រង និងអនុញ្ញាត​ដោយ​រដ្ឋាភិបាល ដើម្បីនាំជនជាតិឥណ្ឌាដែលនៅឯនាយសមុទ្រត្រឡប់ទៅកាន់ប្រទេសឥណ្ឌាវិញក្នុងអំឡុងពេលនៃការរឹតត្បិតការធ្វើដំណើរអន្តរជាតិដោយសារតែការរីករាលដាលជំងឺ Covid-19 ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង