រាជធានី​ភ្នំពេញ ៖ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី០៧ សីហា ២០២០នេះ គណនី​មួយ​ឈ្មោះ​«​ពូ​ឈី​វ​» បាន​បង្ហោះ​រូបភាព​របស់​កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី បាន​ចុះ​ទៅ​ជួប​ទារិកា​ត្រូវ​ម្តាយ​បោះបង់​ចោល​លើ​គំនរ​សំរាម តែ​ជា​កុសល​បុណ្យ​ទារិកា​នោះ ពេល​នេះ​ក៏​មាន​ឪពុក​ម្តាយ​ថ្មី ។

តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី បាន​ចុះ​ទៅ​ជួប​ផ្ទាល់ នៅផ្ទះ​ឪពុក​ម្តាយចិញ្ចឹម ព្រមទាំង​ជួយ​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ដល់ ទារិកា ដែល​មានឈ្មោះ​ថា «​ធានី​» ។

កំពូល​តារាចម្រៀង​រូប​នេះ បាន​ធ្វើ​ឱ្យ​មហាជន​សាទរ​នឹង​ទឹកចិត្ត​សប្បុរសធម៌ និង​ជ្រះថ្លា ដែល​អ្នក​នាង​និង​ស្វាមី​បាន​ចែករំលែក​នៃ​ក្តី​ស្រឡាញ់​របស់​ខ្លួន​ក្នុង​នាម​ជា​ម្តាយ​មួយ​រូប​ផង​ដែរ ។

សូម​ជម្រាប​ថា ទារិកា «​ធានី​» ក្រោយ​ពី​មាន​ឪពុក​ម្តាយ​ចិត្តធម៌​បាន​យក​មក​ចិញ្ចឹម ក៏​មាន​សប្បុរសជន​ជា​ច្រើន​បាន​ឧបត្ថម្ភ​ដល់​ទារិកា​កម្សត់​ជា​បន្តបន្ទាប់ ។

គួរ​រម្លឹក​ផង​ដែរ​ថា ទារិកា​ទើបនឹង​កើត​ថ្មី​ៗ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​កម្មករ​ប្រមូល​សំរាម ប្រទះ​ឃើញ​នៅ​លើ​គំនរ​សំរាម​ជាប់​បង្គោល​ភ្លើង​មួយ​កន្លែង ដោយ​មិនដឹង​ថា ម្តាយ​ឬ​ឪពុក រូប​ណា​ចិត្ត​អប្រិយ បោះបង់​ចោល​កូន​របស់​ខ្លួន ដូច​សត្វ​ធាតុ​ដូច្នេះ តែ​ពិតជា​សំណាងល្អ ដែល​ទារក​នៅ​មានជីវិត​នៅឡើយ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឮ​សូរ​សម្លេង​យំ ក៏​ដើរ​រក​មើល​ទើប​ឃើញ ក៏​រើស​យក​ទៅ​រក្សា​បីបាច់​ថែទាំ​សុខភាព​តែ​ម្ដង កាលពី​យប់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​គំនរ​សំរាម មុខ​រោងចក្រ​កាត់ដេរ​មួយ នៅ​ជិត​ផ្សារ​ក្រមួន លើ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តាឡុ​ង​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕