រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ និង​ខ្យល់ បាន​ធ្វើ​ឱ្យ​ដើមឈើ​មួយ​ដើម​ធំ នៅ​ក្នុង​ស្ថានទូត​បារាំង បាក់​រលំ​សង្កត់​លើ​រថយន្ត​ពីរ​គ្រឿង កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ជាប់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មិន​បង្ក​ឲ្យ​មាន​របួស​ដល់​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទេ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ស្ថានទូត​បារាំង ទល់មុខ​អគារ​បេះដូង​កាល់​ម៉ែ​ត​ផ្លូវ​លេខ ៨០​កែ​មុនី​វង្ស ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

រថយន្ត​ត្រូវ​រង​ការ​ខូចខាត​ដោយសារ​តែ​ដើម​គី​នី​ន​ដ៏​ធំ​បាន​ធ្លាក់​សង្កត់ពីលើ រួម​មាន​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌ ប្រផេះ និង​រថយន្ត Gx470 ពណ៌​ស ។

ក្រោយ​កើតហេតុ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ចាត់ចែង​កម្លាំង​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ក៏​ដូច​ជា​ចាត់ចែង​ផ្នែក​ជំនាញ ដើម្បី​អា​កាត់​មែកឈើ​ទាំងនោះ ដើម្បី​សម្រួល​ចរាចរ​ឡើង​វិញ​ផង​ដែរ ៕