វៀតណាម ៖ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​រីក​រាលដាល នៃ​ជំងឺ COVID-19 អាជ្ញាធរ​ទីក្រុង​ហូ​ជី​មិ​ញ នឹង​ចាប់ផ្តើម​ផាកពិន័យ​ដល់​អ្នក​ដែល​មិន​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ ចាប់ពី​ថ្ងៃ​ទី​០៥ ខែសីហា ពោល​គឺ​ស្អែក​នេះ​តទៅ​ហើយ នេះបើយោងតាមសារព័ត៌មានរបស់វៀតណាម vietnaminsider

លោក Nguyen Thanh Phong ប្រធាន​គណៈកម្មាធិការ​ប្រជាជន បាន​ប្រកាស​ការ​ផាកពិន័យ​នេះ នៅ​ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​មួយ ដែល​ស្តី​ពី​ការ​ការពារ និង​ទប់ស្កាត់​ជំងឺ COVID-19 កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ម្សិលមិញ ។

លោក Tran Duc Tai អនុប្រធាន​នាយកដ្ឋាន​ប៉ូ​លី​ស នៃ​ទីក្រុង​ហូ​ជី​មិ​ញ ក៏​បាន​និយាយ​ដែរ​ថា ប្រជាជន​វៀតណាម​ប្រមាណ​ជា ២០% មិន​បាន​ពាក់​ម៉ាស់ នៅ​ទី​សាធារណៈ​ទេ ហើយ​ការ​ជួបជុំ​មនុស្ស​លើស​ពី​៣០​នាក់ ក៏​ជា​រឿង​ធម្មតា​របស់ ប្រជាជន​វៀតណាម​ដែរ ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​លោក Nguyen Thanh Phong បាន​ស្នើ​ឱ្យ​ប៉ូ​លី​ស និង​ភ្នាក់ងារ​ដែល​ពាក់ព័ន្ធ ពិនិត្យ​មើល​អ្នក​ណា​ដែល​មិន​ពាក់​ម៉ាស់ និង​ដាក់​ពិន័យ​រដ្ឋបាល ទៅ​លើ​អ្នក​រំលោភ​បំពាន​នោះ ។ យ៉ាងណា​ការ​ផាកពិន័យ​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​នោះ គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។

គិត​ត្រឹម​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ ប្រទេស​វៀតណាម​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ៦៧០​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​៨​នាក់ និង​ជា​សះស្បើយ​ចំនួន ៣៧៨​នាក់ ៕