ខេត្តកណ្តាល ៖ បុរស​ដែល​ជា​អតីត​គូ​ដណ្តឹង​របស់​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កោះហៅ​ទៅ​សួរនាំ​ក្រោយ​ពី​បាន​ចែកចាយ​រូបភាព​អាសអាភាស​របស់​នារី​រង​គ្រោះ​គ្រា​ដែល​រួមរស់​ជាមួយ​គ្នា​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ជ្រលង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង រហូត​ដល់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២០ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ ។

ជន​រង​គ្រោះ​ឈ្មោះ ស​.​ក​.​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ដែល​មាន​ទីលំនៅ​ភូមិ​ជ្រលង ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​ជាង​អ៊ុតសក់ ។ រីឯ​ជនសង្ស័យ​ឈ្មោះ អ៊ា​ក ស៊ី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​លក់ដូរ បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​២​ដែល​មានឈ្មោះ Oun Naa មិន​មាន​ដាក់​រូបភាព​លើ Profile និង​ឈ្មោះ Sim Amm ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​សភាព​រឿងហេតុ​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ មាន​អា​ខោ​ន ហ្វេ​ស​ប៊ុ​ក​ដែល​ដាក់​ឈ្មោះ Oun Naa បាន​ផ្ញើ​រូប​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ​ដែល​ជា​រូប​អាក្រាត​ថត​ជា​វី​ដេ​អូ​ដោយ​ធ្លាប់​បាន​ផ្ញើ​ទៅ​ឲ្យ​អតីត​គូ​ដណ្តឹង​របស់​នារី​រង​គ្រោះ​ឈ្មោះ អ៊ា​ក ស៊ី​ម ដែល​ប្រើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sim Amm តែ​ម្នាក់​គត់ ។

ប៉ុន្តែ​មាន​អា​ខោ​ន​ឈ្មោះ Oun Naa ដែល​នារី​រង​គ្រោះ​មិន​ស្គាល់​បែរជា​យក​រូបថត​នោះ​ផ្ញើ​ចែកចាយ​ឲ្យ​មីង​របស់​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម ហ័​ង ដែល​ប្រើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហ័​ង ប៊ី​យូ​ធី​សាឡ​ន​, មិត្តភក្តិ​ឈ្មោះ Na Ry, ឈ្មោះ Mo Ly , ឈ្មោះ ling Black និង​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ Pa Neang ។ ក្រោយ​ដឹង​រឿង នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ ។

តាម​លទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ អ៊ា​ក ស៊ី​ម បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០ ឈ្មោះ អ៊ា​ក ស៊ី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​ស្រឡាញ់​គ្នា​ជាមួយ​ជន​រង​គ្រោះ​បាន​រយៈពេល​៣​ខែ និង​ដេក​នៅ​ជាមួយ​គ្នា រហូត​ដល់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា បាន​ប្រហែល​១​ខែ​ក៏​បាន​ផ្តាច់​ពាក្យ​វិញ ។

លុះដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ឈ្មោះ អ៊ា​ក ស៊ី​ម បាន​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ថ្មី​មួយ​ដាក់​ឈ្មោះ Oun Naa ក្នុង​គោលបំណង​ដើម្បី​ផ្ញើ​រូបភាព​អាក្រាត​កាយ​ជា​វី​ដេ​អូ​ទៅ​ជន​រង​គ្រោះ (​អតីត​គូរ​ដណ្តឹង​) មើល ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​មិន​មាន​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក ទើប​ផ្ញើ​រូប​នោះ​ទៅ​មីង​របស់​ជន​រង​គ្រោះ​ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហ័​ង​ប៊ី​យូ​ធី​សាឡ​ន​, មិត្តភក្តិ​ប្រើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Na Ry និង​អា​ខោ​ន​ឈ្មោះ Peng Pos ដែល​ធ្វើការ​ជាមួយ​ជន​រង គ្រោះ​មើល និង​ថែម​ទាំង​ប្រើ​ពាក្យ​គំរាម​ថា ចង់​ល្បី​ម្តងទៀត​មែន ។ ករណី​នេះ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕