ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជា៦០០នាក់ ដែលនៅជាប់លើកោះរ៉ុង ដោយសារខ្យល់បក់បោកខ្លាំងលើផ្ទៃសមុទ្រនិងភ្លៀងធ្លាក់ច្រើន ជាច្រើនថ្ងៃមកហើយនោះ បន្ទាប់ពីស្ថានភាពអាកាសមានអំណោយផលល្អបានបន្តិច ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ជួយអន្តរាគមន៍ដឹកជញ្ជូនមកកាន់ផែដីគោកវិញ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និង អន្តរជាតិប្រមាណ៦០០នាក់ ដែល ជាប់នៅលើកោះរ៉ុង ដោយខ្យល់បក់បោកខ្លាំងនិងភ្លៀងច្រើន មិនអាចត្រឡប់មកដីគោកវិញបាន ជាច្រើនថ្ងៃមកហើយនោះ ថ្ងៃនៅរសៀលថ្ងៃនេះ យើងបានសម្រេចដឹកជញ្ជូនពួកគាត់មកកាន់ដែនគោកវិញហើយ បន្ទាប់ពីឃើញអាកាសធាតុមានអំណោយផលល្អមួយរយៈពេលខ្លី។

លោកអភិបាលខេត្ត បញ្ជាក់ថា ចាប់តាំងពីថ្ងៃមានខ្យល់បោកខ្លាំងនៅលើផ្ទៃសមុទ្រមក នាវាដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់កោះនានា ត្រូវបានឱ្យផ្អាកសកម្មភាពទាំងអស់ គឺថាអ្នកណានៅកន្លែងណានៅកន្លែងហ្នឹង រង់ចាំអាកាសធាតុអំណោយផលល្អ ទើបអនុញ្ញាតឱ្យចេញដំណើរមកដែនគោកវិញ ។ ពេលនេះ ភ្ញៀវនៅកោះរ៉ុង មានចំនួន៦០០នាក់ ក្នុង នេះមានភ្ញៀវជាតិនិងមួយចំនួនភ្ញៀវអន្តរជាតិនិងក៏ មាន ភ្ញៀវជាមន្ត្រីរបស់ស្ថានទូតផងដែរ ដែលជាប់នៅលើកោះនោះ។

ភ្ញៀវដែលជាប់នៅលើកោះ ខ្លះមានជំងឺ ទាមទារឱ្យជួយរកមធ្យោបាយយកមកព្យាបាលនៅដែនគោក។ នាវាជើងទី១ មានបីទូកដឹកភ្ញៀវចំនួន៤០៥នាក់បានមកដល់ផែដីគោក នៅម៉ោង១៥រសៀល នេះ ទូកចំនួន២ បានវិលត្រឡប់ទៅដឹកភ្ញៀវចំនួន២០០នាក់ទៀត នៅលើកោះដែលអាចនឹងមកដល់ផែដីគោកនៅពេលល្ងាចបន្តិចថ្ងៃនេះ។

លោកគួច ចំរើន កាលពីថ្ងៃទី៣ខែសីហាបានណែនាំដល់មន្ត្រីអាជ្ញាធរ គ្រប់ លំដាប់ថ្នាក់ឱ្យបង្កើនការយកចិត្តទុកដាក់តាមដានអំពីស្ថានភាពអាកាសធាតុនិងត្រៀ ម កម្លាំង ចាំ ជួយសង្គ្រោះពលរដ្ឋ ពេលមានហេតុការណ៍អាក្រក់ណាមួយកើត ឡើងក្នុងអំឡុងពេលមានភ្លៀងធ្លាក់ច្រើននិងខ្យល់បក់បោកខ្លាំងនេះ។

មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា អាកាសធាតុអំណោយផលល្អបានបន្តិច មានតែនៅចន្លោះពីម៉ោង១២ដល់ម៉ោង១៦ ថ្ងៃទី៤សីហានេះទេ តែហួសពីនេះទៅ ត្រូវរង់ចាំរហូតដល់ថ្ងៃទី៨ខែសីហា ទើបការធ្វើដំណើរតាមផ្លូវទឹកសមុទ្រ មានសុវត្ថិភាព៕

ដោយ៖ សុភាព១