ខេត្តក្រចេះ ៖ ប្តី​ប្រពន្ធ​១​គូ​ដែល​ជា​មុខសញ្ញា​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នូល ខេត្តក្រចេះ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ ។

ជនសង្ស័យ​ទាំង​០២​នាក់​រួម​មាន​ទី​១-​ឈ្មោះ ញ៉ែ​ម ស្រេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​ប្ដី និង​ទី​២-​ឈ្មោះ សឹម គឹ​ម​សេង ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ជា​ថ្នាំ​ញៀន​ចំនួន​០៣​កញ្ចប់​, ជញ្ជីង​អេ​ឡិច​ត្រូ​និក​០១​គ្រឿង និង​ឧបករណ៍​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​ពញាក្រែក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕