ខេត្តតាកែវ៖ ឪម៉ាល់ទិចក្មេងប្រុសម្នាក់ ឈ្មោះ កក្ដា អាយុ៦ឆ្នាំ បណ្ដាលឱ្យស្លាប់គួរឱ្យអាណិតអាសូរបំផុត ចំណែកស្រ្តីវ័យចំណាស់ជាលោកយាយ ងងឹតភ្នែក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២១ ខែ៧ ឆ្នាំ២០២០ នៅក្នុងភូមិពោន ឃុំពេជសារ ស្រុកកោះអណ្ដែត ។ តែករណីនេះ មិនទាន់មានការបញ្ជាក់ពីមូលហេតុ នៅឡើយទេ។

ទាក់ទងករណីសត្វឪម៉ាល់ទិចនេះ kbn សូមលើកយកវិធីព្យាបាលបឋម ដូចខាងក្រោមនេះ៖
១. ដកទ្រនិចរបស់វាចេញ៖
បន្ទាប់ពីសត្វឃ្មុំឬឳម៉ាល់ បានខាំ ឬទិចរួច ពូកវាតែងតែបោះបង់ចោលទ្រនិចរបស់វាលើខ្លួនប្រាណមនុស្ស។ ដូច្នេះអ្នកអាចដកវាចេញដោយប្រើក្រចក ឬវត្ថុផ្សេងៗដែលអាចចាប់ដកវាចេញមកបាន។ ប៉ុន្តែបើសិនជាប្រើដៃ ឬឧបករណ៍ផ្សេងៗសូមកុំភ្លេចលាងសម្អាតដៃនិងវត្ថុទាំងនោះសិន មុនពេលប្រើប្រាស់។ ម្យ៉ាងទៀតត្រូវដកទ្រនិចនោះដោយប្រុងប្រយ័ត្នបំផុត ដោយមិនត្រូវច្របាច់មុខរបួសនោះទេ ព្រោះដើម្បីការពារមិនឱ្យពិសចូលក្នុងខ្លួនរបស់ជនរងគ្រោះ។

២. ប្រើក្រណាត់ ឬកន្សែងត្រជាក់ស្អំ៖
ក្រោយពីត្រូវសត្វឃ្មុំឬឳម៉ាល់ទិច ជនរងគ្រោះនឹងរងការរលាក និងការហើមដោយចៀសមិនផុត។ យើងអាចកាត់បន្ថយវាដោយគ្រាន់តែដាក់ស្អំក្រណាត់ ឬកន្សែងត្រជាក់នៅត្រង់តំបន់ដែលរងផលប៉ះពាល់នោះ។

៣. ព្យាបាលចំណុចដែលត្រូវបានទិច៖
លាងសម្អាតកន្លែងដែលត្រូវបានខាំ ឬទិចនោះជាមួយសាប៊ូ ឬអាចលាបទឹកឃ្មុំ ឬថ្នាំដុសធ្មេញក៏បាន។ បន្ទាប់មកគ្របកន្លែងនោះនឹងក្រណាត់ ឬសំំឡីដែលស្អាត ហើយបិទបង់ពីលើ។

បើប្រើទឹកឃ្មុំ ទុកទឹកឃ្មុំលើស្នាមរបួសរយៈពេល១ម៉ោង តែបើប្រើថ្នាំដុសធ្មេញ ទុកវារយៈពេលពី២០ ទៅ៣០នាទី បន្ទាប់មកលាងសម្អាតចេញ។
ចុងក្រោយ អ្នកត្រូវទៅជួបពេទ្យដោយខានមិនបាន ព្រោះវិធីខាងលើគ្រាន់ជាការសង្គ្រោះបឋមប៉ុណ្ណោះ។ បើសិនជាមានអាការៈធ្ងន់ធ្ងរខ្លាំង ហើយវិធីខាងលើមិនអាចជួយឱ្យធូរស្រាល ត្រូវពិភាក្សាជាមួយពេទ្យជំនាញ៕

ដោយ៖ សុភាព១