រាជធានីភ្នំពេញ ៖ ស្ត្រីខ្មែរ-អាមេរិកាំង ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ ហើយទៅសំងំលាក់ខ្លួននៅខេត្តកំពង់ចាមនោះ ពេលនេះ នាងព្រមទទួលស្គាល់កំហុសរបស់ខ្លួន និងព្រមបង់ការផាកពិន័យ១លានរៀល ហើយសន្យាថា ឈប់រត់គេចតទៅទៀត។

ក្នុងកិច្ចសន្យារបស់អ្នកស្រី រ៉ូស វីរ៉ា បានបញ្ជាក់ថា ៖
– យល់ព្រមទទួលកំហុសដែលបានប្រព្រឹត្តទៅ នៅវេលាយប់ម៉ោង៦ និង៣០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលមិនបានអនុវត្តតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរីករាលដាលជាអន្តរជាតិ នៃជំងឺក្នុងការគេចវេស (លួចរត់) ក្នុងអំឡុងពេលចិត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមួយកន្លែងនៅភ្នំពេញ។

-យល់ព្រមទទួលបង់ពិន័យអន្តរការណ៍ជាប្រាក់ចំនួន១លានរៀល ដោយយោងតាមអនុក្រឹត្យស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូលនៅក្នុងជំពូក៥ ស្ដីពីទណ្ឌកម្មនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១២៩ អនក្រ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។

– សន្យាថា នឹងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល យ៉ាងត្រឹមត្រូវក្នុងអំឡុងពេលអនុវត្តវិធានការសុខាភិបាលចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ដោយមិនគេចវេះ ឬរត់ចេញពីក្នុងបន្ទប់នៃសណ្ឋាគារឡើយ។

សូមរំលឹកថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងឈ្មោះ រ៉ូស វីរ៉ា បានរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ហើយត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

ស្រ្តីរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិក ២រូប ដែលរកឃើញមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា នេះជាករណីលើកដំបូង ដែលមានមនុស្សរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅក្នុងប្រទេសកម្ពុជា ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖

ដោយ៖ សុភាព