រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចអាវទ្រនាប់ និងខោលីអូរបស់ស្រីៗដែលហាលនៅក្រៅបន្ទប់ បំណងយកទៅធ្វើយ័ន្តស្នេហ៍ តែសំណាងអាក្រក់ ត្រូវម្ចាស់គេទាន់ស្រែកឆោឡោផ្អើលដល់អ្នកជិតនាំគ្នាមកព័ទ្ធចាប់បាន និងបញ្ចេញកំហឹងម្នាក់មួយដៃមួយជើងប៉ោងមុខ។
ករណីប្រុសរោគចិត្តលួចខោលីអូមនុស្សស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ198A ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នារីរងគ្រោះជាម្ចាស់ខោក្នុងអាវក្នុង មានឈ្មោះស.ស.ព អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជនមួយ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះព្រីង សំរស់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោកសាល សណ្តុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅទីស្ងាត់និងលួចយកជណ្តើររបស់ប្រជាពលរដ្ឋជិតខាង ហើយយកមកដាក់ផ្អែកជាប់នឹងជញ្ជាំងដើម្បីឡើងលើផ្ទះជនរងគ្រោះដែលធ្វើពីឈើលើថ្មក្រោម ក្នុងគោលបំណងលួចសម្ភារមានតម្លៃ តែលួចមិនបាន ហើយឃើញខោអាវក្នុង (អាវទ្រនាប់ និងខោលីអូ) ដែលគេព្យួរនៅជិតនោះ ក៏ចាប់ស្រវាយកដើម្បីកាត់ស៊យ តែត្រូវរងគ្រោះបានប្រទះឃើញក៏ស្រែកឆោឡោ ទើបផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាចេញមកចាប់ឃាត់ជនសង្ស័យជាប់ រួចក៏ស្វាគមន៍ម្នាក់១ដៃ១ជើង បណ្តាលឲ្យទ្រមខ្លួន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំខ្លួនជនសង្ស័យរូបនេះយកទៅសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនមានជនមិនស្គាល់មុខម្នាក់ អួតប្រាប់ថា គេចេះធ្វើមន្តអាគមស្នេហ៍ ហើយតម្រូវឱ្យរូបគេមកលួចសម្លៀកបំពាក់ស្រីៗ ជាពិសេសអាវនិងខោក្នុងរបស់ស្រីៗតែម្តង ដើម្បីយកទៅចារយ័ន្តស្នេហ៍ និងការពារមិនឱ្យគេ ធ្វើអំពើចូលខ្លួន។
ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕