រាជធានីភ្នំពេញ៖ នាពេលកន្លងទៅនេះ មានជនបរទេសមួយរូបដែលអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់ បានធ្វើការលើកសរសើរអំពីសម្រស់ស្រស់ស្អាតនៃផ្លូវបុប្ផាលាក់ខ្លួន (ផ្លូវជាតិលេខ៥៥)។ ជាមួយគ្នាផងដែរ គាត់ក៏បានលើកឡើងអំពីបញ្ហាសំរាមដែលបានចោលនៅតាមដងផ្លូវជាតិមួយនេះ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ និងបរិស្ថាន។

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ដើម្បីសោភ័ណភាពផ្លូវថ្នល់សាធារណៈ និងបរិស្ថានល្អ សូមដាក់កាកសំណល់ក្នុងធុងសំរាម ឬទីតាំងណាមួយ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមូលដ្ឋាន។

ក្រសួងបន្តថា ចំពោះករណីសំរាមដូចមានបង្ហាញក្នុងវីដេអូរបស់ជនបរទេសនេះអាជ្ញាធរមូលដ្ឋានបានធ្វើការចុះប្រមូល និងសម្អាតរួចរាល់ហើយ និងបានត្រៀមរៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗមួយចំនួន ដើម្បីសម្រួលអ្នកចុះកម្សាន្តនៅតាមដងផ្លូវមួយនេះ។

ជាមួយគ្នានោះក្រសួង ក៏សំណូមពរ បើទោះបីជាមានធុងសំរាមក្តី ឬគ្មានក្តីសូមអ្នកប្រើប្រាស់ផ្លូវថ្នល់សាធារណៈទាំងអស់ មេត្តាកុំចោលសំរាមតាមដងផ្លូវសាធារណៈ។ សូមដាក់កាកសំណល់ក្នុងធុងសំរាម ឬទីតាំងណាមួយដែលត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមថែរក្សាសោភ័ណភាពផ្លូវថ្នល់ និងបរិស្ថានរបស់កម្ពុជាដែលមាន ធនធានធម្មជាតិសំបូរបែប និងទេសភាពស្រស់បំព្រងទាំងអស់គ្នា៕

សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖