រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេការ​បុរី​ម្នាក់​បាន​ដក​កាំភ្លើង​បាញ់​គំរាម​ក្រុម​កម្មករ​ចំនួន​២​គ្រាប់​បណ្តាល​ឲ្យ​កម្មករ​ម្នាក់​រង​របួស​ជើង ក្រោយ​ពី​ក្រុម​កម្មករ​ទារ​បើក​លុយ​ថ្លៃ​ដាក់​លូ​ចំនួន​៥០០​ដុល្លារ ប៉ុន្តែ​មេការ​បើក​ឲ្យ​មិន​គ្រប់​ទើប​ផ្ទុះ​ជម្លោះ​មេការ​ក្តៅចិត្ត​ដក​កាំភ្លើង​បាញ់​រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​បរិវេណ​ការដ្ឋាន​សំណង់​បុរី​ខេ​អិន មាន​ទីតាំង​ស្ថិត​នៅ​តាម​មហាវិថី​ឈ្នះ​-​ឈ្នះ ស្ថិត​ក្នុងភូមិ​ស្រែ​តេជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ច័ន្ទ​តុលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់​បុរី​ខាងលើ ផ្នែក​ខាង​ប្រព័ន្ធ​លូ មាន​លំនៅ​ភូមិ​ប្រាសាទ សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ។ ចំណែក​ជន​បង្ក​ជា​ខ្មាន់កាំភ្លើង មានឈ្មោះ អ៊ឹ​ង ឆេ​ង​វ៉េ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មេការ​សំណង់​បុរី​ខេ​អិន ក្រោយ​ផ្ទុះអាវុធ​រួច ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

តាម​សម្តី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ក្រុមការងារ​របស់​គាត់​បាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ឱ្យ​ខាង​បុរី ខេ​អិន និង​ត្រូវ​បើក​លុយ​៥០០​ដុល្លារ ហើយ​ថ្ងៃ​សៅរ៍​ជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍ មេការ​ខាងលើ​បាន​ហៅ​គាត់​ឱ្យមក​បើក​លុយ លុះ​នៅ​វេលា​ម៉ោង​ខាងលើ​គាត់​មក​សុំ​បើក​លុយ​៥០០​ដុល្លារ ស្រាប់តែ​មេការ​ឱ្យ​តែ​១៥០​ដុល្លារ​ទេ ទើប​ធ្វើ​ឱ្យ​គាត់​បាន​តវ៉ា​ថា​លុយ​១៥០​ដុល្លារ ធ្វើ​យ៉ាងម៉េច​បើក​ចែក​ឱ្យ​ក្រុម​កម្មករ​គ្រប់​ទៅ ។

រួច​ក៏​ឈាន​ទៅ​ដល់​ការ​តមាត់​គ្នា​ផ្ទុះ​ជា​ជម្លោះ​តឹងសរសៃក ស្រាប់តែ​ភ្លាម​នោះ​ជន​ដៃដល់​ផ្ទុះ​កំហឹង​ក៏​ទាញ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក បាញ់​ភ្ជុ​ច​ផ្លូវ​បេតុង​ចំនួន​២​គ្រាប់ បណ្តាល​ឱ្យ​ផ្លា​ត​ខ្ទាត​ត្រូវ​ចំ​ជើង​ជន​រង​គ្រោះ​ហូរ​ឈាម​រង​របួស​តែ​ម្តង​។ ភ្លាម​ៗ​នោះ​ជន​ដៃដល់​ក៏​ទាញ​ម៉ូតូ​ជិះ​គេច​ទៅ​បាត់​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​ប៉ុស្តិ៍ កម្លាំង​ជំនាញ​ខណ្ឌ​ចុះ​ទៅ​សាកសួរ ពិនិត្យ​ស្លាកស្នាម​បន្សល់​ទុក ហើយ​រក​ឃើញ​សំបក​គ្រាប់​១ ដែល​ស្គាល់​ជា​សំបក​គ្រាប់កាំភ្លើង Lock ។ ចំណែក​សំបក​គ្រាប់​មួយទៀត ជន​រង​គ្រោះ​អះអាង​ថា ជនសង្ស័យ​រើស​យក​ដាក់​ហោ​ប៉ាវ មុន​គេចខ្លួន​ ៕