ខេត្តពោធិ៍សាត់ ៖ សពនារីម្នាក់ត្រូវបានរកឃើញហើយនារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះបន្ទាប់ពីនាងបានរអិលជើងធ្លាក់ទឹកជ្រោះនៅរមណីយដ្ឋាន «ទឹកធ្លាក់ថ្មដាតូច» ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នារីរងគ្រោះឈ្មោះ នូ រ៉ាណាត់ អាយុ២៨ឆ្នាំ រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បុរសម្នាក់ឈ្មោះ ប៊ុន ទិត្យ អាយុ៣៤ឆ្នាំ ដែលឃើញហេតុការណ៍ផ្ទាល់បានបញ្ជាក់ថា គាត់កំពុងហូបបាយស្រាប់តែឃើញទឹកហូរកួចនារីម្នាក់ធ្វើឲ្យគាត់ហក់ទៅជួយចាប់ដោយដៃម្ខាង ចាប់ខ្សែពួរ និងដៃម្ខាងទៀតចាប់ជាប់អាវនារីនោះ ។​ប៉ុន្តែដោយសាទឹកហូរខ្លាំងពេកក៏របូតដៃនាងធ្លាក់ទៅខាងក្រោមជ្រោះបណ្ដាលឲ្យនាងស្លាប់តែម្តង ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕