ខេត្ត​ត្បូងឃ្មុំ ៖ សង្ស័យ​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ដក​កាំភ្លើង បាញ់​សម្លាប់​នារី​រង​គ្រោះ បណ្តាល​អោយ​ស្លាប់ ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​៨ និង​១៦​នាទី​យប់ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​យីហោ​«​ហ្គោ​ក្លឹ​ប​» ស្ថិត​ក្នុងភូមិ​ជី​មាន់​កណ្តាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹងជាបឋម​ថា ជនសង្ស័យ​មានឈ្មោះ មូល ទិ​ត្យ​ឧត្តម អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។ ចំណែកឯ​នារី​រង​គ្រោះ​ឈ្មោះ ហេង សុខ​ហ៊ា​ប អាយុ​២០​ឆ្នាំ ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​នារី​រង​គ្រោះ​រួច​ហើយ ជនសង្ស័យ​បាន​បើករថយន្ត​គេចខ្លួន ប៉ុន្តែ​សំណាងអាក្រក់ ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ស្រុក​ពញាក្រែក បាន​បញ្ជូន​ជន​ដៃដល់​ទៅ​មន្ទីរពេទ្យ​បង្អែក ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ចំនួន​០៤​នាក់ នៅ​ចាំតាម​យាម​ជនល្មើស ផង​ដែរ ។​

យ៉ាងណា​ករណី​បាញ់ប្រហារ​នេះ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ៕