ភ្នំពេញ ៖ ទីបំផុត តារាចម្រៀងស្រីវ័យក្មេង កញ្ញា យូរី បានសម្រេចចិត្តចាកចេញពីទ្រនំសាន់ដេ ដែលជាផលិតកម្មធ្លាប់កម្សត់កម្រជាមួយគ្នាជិត១០ឆ្នាំ ខណៈផលិតកម្មថ្មី ដែលកំពុងត្រៀមខ្លួនទទួលនោះ នាងមិនទាន់បង្ហើបប្រាប់នៅឡើយ «ទុកឲ្យ Surprise! » ហើយក៍មិនប្រាប់ពីមូលហេតុដែរ គឺ« ទុកឲ្យឆ្ងល់!» ។

តារាចម្រៀង យូរី ម្ចាស់បទ «18+» បានថ្លែងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ថា ក្នុងខែកក្កដា នេះ នាងបានបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេ នៅដំណាច់ខែកក្កដានេះហើយ ដោយមិនបន្តកុងត្រាទៀតទេ ពោលគឺនាងបានចាកចេញទៅរកទ្រនំថ្មីមួយទៀត ដើម្បីបន្តអាជីពឲ្យកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត ។ តែចំពោះផលិតកម្មថ្មីនោះ គឺនាងទុកឱ្យអ្នកគាំទ្រ Surprise ពេលចេញបទចម្រៀងថ្មី ក្នុងផលិតកម្មថ្មីនោះ នៅក្នុងខែសីហាខាងមុខនេះ។

តែយ៉ាងណា ការដើរចេញពីផលិតកម្មសាន់ដេនេះ តារាចម្រៀងស្រីវ័យក្មេងរូបនេះ មិនប្រាប់ពីមូលហេតុអ្វីនោះទេ ទំនងនាងទុកឱ្យឆ្ងល់ ក៍មិនដឹង?។
តារាចម្រៀង យូរី បានចូលច្រៀងនៅក្នុងផលិតកម្មសាន់ដេ តាំងពីឆ្នាំ ២០១៣ ហើយផលិតកម្មបានជួយលើកស្ទួយជួយឲ្យនាងច្រៀងបទល្បីៗជាច្រើន ដោយបទល្បីដំបូង គឺបទ «Honey សំណព្វចិត្ត» និងបទ «សង្សារមួយថ្ងៃ សង្សារមួយជីវិត» និងក្រោយមកទៀតបទដែលញាក់កន្ត្រាក់អារម្មណ៍ល្បីខ្លាំង គឺបទ «ចាក់ទឹកដូង» និងបទ «នំប៉័ងប៉ាតេ» ជាដើម៕