រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០៖ ក្រោយពីមានការចុះផ្សាយអត្ថបទដោយសរសេរចំណងជើងថា “ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” របស់ សហព័ន្ធ សហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ “ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា” ធនាគារ អេស៊ីលីដា បានចេញនូវសេចក្តីថ្លែងការណ៍មួយ ក្នុងគោលបំណងជម្រាបជូនសាធារណជន និងពន្យល់ទៅស្ថាប័នសង្គមស៊ីវិលសហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ដែលបានអះអាងថាជាអ្នកការពារសិទ្ធិមនុស្ស ប៉ុន្តែជាក់ស្តែងស្ថាប័នសង្គមស៊ីវិលទាំងនេះ គឺកំពុងតែព្យាយាមបំបិទសិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបំភ្លៃបំភ័ន្តប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់សេវាហិរញ្ញវត្ថុឲ្យមានការយល់ច្រឡំ និងបង្កឲ្យមានចលាចលក្នុងសង្គម ដើម្បីទទួលបាននូវផលប្រយោជន៍ពីម្ចាស់ជំនួយ និងអ្នកបង់ពន្ធទាំងអស់លើសកលលោកដែលស្ម័គ្រចិត្តផ្តល់នូវអំណោយ។ ស្ថាប័នសង្គមស៊ីវិលទាំងនោះតែងតែព្យាយាម ដោយចេតនាទាញយកផលប្រយោជន៍ពីសមិទ្ធផលដែលវិស័យឯកជនបានកសាងឡើង និងចូលរួមអភិវឌ្ឍន៍យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

តបទៅនឹងការសរសេរដែលមានចំណងជើងថា “ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” របស់ សហព័ន្ធ សហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ “ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា” គឺជាការសរសេរដែលគ្មានការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ គ្មានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយ មិនបានស្វែងយល់ច្បាស់អំពីគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ និងបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាការសន្មតតាមចិត្ត មានចរិតញុះញង់ និងមានចេតនាបំផ្លាញ បង្ខូចកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការបរិយាយគ្មានព័ត៌មានគ្រប់ជ្រុងជ្រោយ វិភាគដោយប្រយោល និងមិនស្ថិតនៅក្នុងបរិយាកាសជាក់ស្តែង មិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពពិតប្រាកដនៃព្រះរាជាណាចក្រកម្ពុជានោះទេ។

ការសរសេរនេះទៀតសោត តែងតែព្យាយាមកំណត់ខ្លួនឯងថាមានតម្លាភាព គណនេយ្យភាព ប៉ុន្តែអង្គការទាំងនេះ មិនដែលបានសាកសួរព័ត៌មាន ឬការពិភាក្សាណាមួយពីស្ថាប័នសាមី ដោយសរសេរផ្ទុយពីការពិត ការបរិយាយលើទិន្នន័យមិនពិតប្រាកដ ដោយគ្មានបង្ហាញនូវសមតិកម្មឲ្យបានជាក់លាក់ តាមបែបវិទ្យាសាស្រ្ត ហើយតែងតែជំរុញឲ្យមានការបាត់បង់នូវជំនឿទុកចិត្តពីអតិថិជន និងដៃគូវិនិយោគរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

តាមរយៈការបោះពុម្ពផ្សាយរបស់ធនាគារពិភពលោកជាច្រើនរហូតដល់ឆ្នាំ២០១៩ ជាងពីរទសវត្សរ៍មកនេះ ប្រទេសកម្ពុជា ជាប្រទេសមានការអភិវឌ្ឍន៍កម្រិតខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល បានផ្តល់នូវឱកាសយ៉ាងទូលំទូលាយដល់សហគ្រាសគ្រប់វិស័យ ជាពិសេសឱកាសការងារយ៉ាងសម្បូរបែបទាំងក្នុងស្រុក រួមទាំងការងារនៅក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋជ្រើសរើស មិនមែនជាការចំណាកស្រុកដូចបានលើកឡើងនោះទេ ។

យើងខ្ញុំសូមបញ្ជាក់ថាធនាគារ អេស៊ីលីដា ក៏ដូចជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលទទួលបានអាជ្ញាបណ្ណ ស្ថិតនៅក្រោមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ច្បាប់ពាក់ព័ន្ធផ្សេងៗ រួមទាំងការអនុវត្តនូវគោលការណ៍អន្តរជាតិមួយចំនួនទៀត ដែលគ្មានការអនុវត្តណាមួយដែលធ្វើឡើងដោយហេតុផលផ្សេងៗផ្ទុយនឹងច្បាប់នោះទេ។ ស្ថាប័នដែលបានអះអាងថាជាស្ថាប័នការពារសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ គួរតែស្វែងយល់ឲ្យបានច្រើនជាងនេះ ព្រោះថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុលោមតាមច្បាប់ និងគោលការណ៍ច្បាស់លាស់ ដើម្បីការពារសិទ្ធិរបស់អតិថិជន គិតពីប្រសិទ្ធផល ប្រសិទ្ធភាព ការរីកចម្រើនជាមួយអតិថិជនរយៈពេលវែង។ ជាងនេះទៀត ការិយាល័យឥណទានកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទិន្នន័យយ៉ាងច្បាស់លាស់អំពីកម្រិតបំណុលរបស់អតិថិជនម្នាក់ៗ។ ការផ្តល់សេវាប្រាក់កម្ចីមិនមែនក្នុងគោលដៅសម្រាប់រឹបអូសទ្រព្យសម្បតិ្តរបស់អតិថិជននោះទេ។

ដើម្បីសម្រាលបន្ទុកដល់ម្ចាស់អាជីវកម្ម ដែលរងផលប៉ះពាល់នៃវីរុសកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ធនាគារជាតិ នៃ កម្ពុជា បានគិតគូររួចហើយ ក្នុងគោលដៅការពារគ្រប់ភាគីពាក់ព័ន្ធ ដោយបានដាក់ចេញនូវវិធានការជាច្រើនដើម្បីសម្រួល និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានចូលរួមអនុវត្តយ៉ាងពេញលេញ និងតែងតែយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួនជានិច្ច។

ស្ថាប័នដែលបរិយាយមិនច្បាស់ទាំងនេះ គប្បីបញ្ឈប់រាល់ទង្វើដែលធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមគ្នានេះដែរ យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការច្បាប់ចំពោះជន ឬក្រុមទាំងឡាយណាដែលញុះញង់ធ្វើឲ្យរង្គោះរង្គើ ជំរុញឲ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ ធ្វើឲ្យបាត់បង់នូវជំនឿទុកចិត្ត សុវត្ថិភាពដល់អ្នកដាក់ប្រាក់បញ្ញើ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ។
គេហទំព័រ ធនាគារ អេស៊ីលីដា ភីអិលស៊ី៖ www.acledabank.com.kh