ក្រុមហ៊ុន​ដែល​ជា​អ្នក​បង្កើត​កម្មវិធី Tik Tok ឡើង ឈ្មោះ​ថា Bytedance Technology បាន​និយាយ​ថា​អំឡុង​ពេល​បិទ​មួ​យស​ប្ដា​ហ៍​នេះ ក្រុមហ៊ុន​ត្រូវ​ខាតបង់​ទឹកប្រាក់​ជាង ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​ជាង ២៥០​នាក់​ត្រូវ​ប្រឈម​មុខ​បាត់បង់​ការងារ​ថែម​ទៀត​ផង​។

តួលេខ​ពី​ក្រុមហ៊ុន​វិភាគ Sensor Tower ចេញផ្សាយ​កាលពី​ខែមេសា បាន​ឲ្យ​ដឹង​ថា​ឥណ្ឌា​ជា​ប្រទេស​ដែល​បាន​ដំឡើង​កម្មវិធី TikTok ច្រើន​ជាងគេ ដែល​មាន​ចំនួន​ទាញ​យក​សរុប ៦១១​លាន​ដង ស្មើនឹង ៣០,៣% នៃ​ចំនួន​ទាញ​យក​សរុប ​។ ដូចនេះ​ជាមួយ​ការ​បិទ​ឈប់​ឲ្យ​ប្រើ​ដោយ​គ្មាន​កំណត់​រយៈពេល​លើក​នេះ នឹង​ធ្វើ​ឲ្យ​កម្មវិធី TikTok ក៏​ដូច​ជា​កម្មវិធី​ចិន​ដទៃ​ទៀត​ត្រូវ​រង​ការ​ខាតបង់​ជា​ខ្លាំង ។

​គួរ​រម្លឹក​ផង​ដែរ​ថា ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា​បាន​ធ្វើការ​ហាមឃាត់​ឈប់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ចំនួន ៥៩​កម្មវិធី ដែល​មាននៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS ក្រោយ​ពី​ពិនិត្យ​ឃើញ​ពី​គុណវិបត្តិ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​កម្មវិធី​ទាំង​អស់នេះ​ ។

ដែល​ភាគច្រើន​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ដើម្បី​បម្រើ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ពួក​គេ​តែ​ប៉ុណ្ណោះ ម្យ៉ាងវិញទៀត​កម្មវិធី​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ក៏​ដូច​ជា​សិទ្ធិ​ថ្នាក់ដឹកនាំ ក្នុង​ការ​លួច​ទាញ​យក​ទិន្នន័យ​ទៀត​ផង ។ TikTok ក៏​ជា​កម្មវិធី​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​នោះ ហើយ​ការ​បិទ​ឈប់​ឲ្យ​ប្រើ​នេះ នឹង​ធ្វើ​ឲ្យ TikTok ត្រូវ​ខាតបង់​លុយ​ច្រើន​សន្ធឹក ៕