ក្លិប​សេះបង្កង់ Juventus ដែល​ដឹកនាំ​ដោយ​លោក Maurizio Sarri​កំពុង​បន្ដ​ក្ដី​សង្ឃឹម​ក្នុង​ការ​បង្កើត​កំណត់​ត្រា​ឈ្នះ​ពាន​ក្នុង​លី​គ​៩​រដូវ​កាល​ជាប់​គ្នា ដោយ​ទើបតែ​ប្រកួត​ឈ្នះ​ក្រុម Genoa ក្នុង​លទ្ធផល 3-1 ដែល​ជ័យ​ជំនះ​នេះ​បាន​បន្ដ​ជួយ​ឲ្យ​ពួក​គេ​មាន​គំលាត​៤​ពិន្ទុ​ពី​ក្រុម​លេខ​២ Lazio ដែល​ទើបតែ​បាន​យកឈ្នះ​ក្រុម Torino 2-1 ។

បន្ទាប់​ពី​បាន​បរាជ័យ​ក្នុង​ការ​ប្រកួត​ធ្វើ​ឲ្យ​បាត់បង់​ពាន Coppa Italia នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​មក ក្រុម​សេះបង្កង់​ទទួល​បាន​ជ័យ​ជំនះ​ទាំង​៣​ប្រកួត ចាប់តាំងពី​ការ​ប្រកួត​ក្នុង​លី​គ​ចាប់ផ្ដើម ។

ខ្សែប្រយុទ្ធ Paulo Dybala ជា​អ្នករក​គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត​នោះ នៅ​ក្នុង​តង់​ទី​២ បន្ទាប់​ពី​ញាក់​ផុត​ខ្សែការពារ​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​ស៊ុត​ផុតដៃ​អ្នកចាំទី Mattia Perin​។

៧​នាទី​បន្ទាប់ Cristiano រកបាន​គ្រាប់​បាល់​ទី​២​ជូន​ក្រុម​ភ្ញៀវ​សេះបង្កង់ ដោយ​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​ទទួល​បាន​បាល់​ពី​ពាក់កណ្ដាល​តារាង ហើយ​បាន​អូស​ស៊ុត​បាន​យ៉ាង​ល្អ​នៅ​ក្រៅ​ប្រអប់ ។

ខ្សែប្រយុទ្ធ Douglas Costa ដែល​បាន​ប្ដូរ​ចូល រកបាន​គ្រាប់​ទី​៣ ដោយ​ស៊ុត​កោង​បញ្ចូល​ទី ប៉ុន្ដែ​ត្រូវ​បាន Andrea Pinamonti របស់​ក្រុម​ម្ចាស់ផ្ទះ Genoa តាម​បាន​១​គ្រាប់​វិញ នៅ​៣​នាទី​បន្ទាប់ ៕