ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនធ្លាប់ជាប់ពន្ធនាគារ និងចូលមណ្ឌលកែប្រែ ហើយបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយ បានយកម៉ូតូដែលបញ្ចាំ រកប្រាក់ទៅលោះមិនបាន មិនហ៊ានចូលផ្ទះ ដាច់ចិត្តលោតទម្លាក់ពីលើភ្នំ សម្លាប់ខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៥៨នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតនៅក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ។
ជនរងគ្រោះឈ្មោះ រ៉ន ភារ៉ា ហៅបារាំង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបុរី ។

សមត្ថកិច្ចបានបញ្ជាក់ថា បើតាមការរៀបរាប់បំភ្លឺពីឈ្មោះ សឿង សុផា ភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច ពេលកំពុងហូបបាយជាមួយខ្លួន នៅផ្ទះក្បែរកន្លែងកើតហេតុ ជនរងគ្រោះបានពោលពាក្យថា ពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំគេ គ្មានលុយទៅលោះមកវិញ មិនហ៊ានចូលផ្ទះ ចង់តែស្លាប់ឱ្យផុតៗទេ ហើយពោលថា ចង់តែឡើងលើភ្នំឱ្យរន្ទះបាញ់ស្លាប់ រួចក៏ដើរទៅបាត់ ចំណែកខ្លួនក៏ចូលដេកដែរ ។

ឈ្មោះ សឿង សុផា បានបន្តថា លុះដល់ម៉ោងប្រហែល១រំលងអធ្រាត្រ ខ្លួនបានឮសំឡេងដូចមានអ្វីមួយធ្លាក់ពីលើភ្នំដែលនៅខាងក្រោយផ្ទះ ចុះមកក្រោម តែខ្លួនមិនចាប់អារម្មណ៍ ព្រោះថ្មភ្នំធ្លាប់តែបាក់ធ្លាក់ហូរហែមកហើយដែរ ។ លុះដល់ម៉ោង៥ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពេលខ្លួនដើរទៅបត់ជើងធំ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំបាត់ទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីក្រៅពីស្នាមបែកនៅលើថ្ពាល់ខាងស្តាំ ដោយសារធ្លាក់មកផ្ទប់នឹងថ្មជើងភ្នំ ហើយនៅលើភ្នំ ឃើញមានស្នាមរអិលធ្លាក់ធ្លាក់ចុះមកក្រោម ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងអំពើមនុស្សឃាតនោះឡើយ ទើបសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាតដោយលោតពីទីទួលខ្ពស់ ធ្លាក់មកទាប រួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី។

អធិការនគរបាលស្រុកមង្គលបុរី លោក ស៊ិន ណារ៉ាក់ បានឲ្យដឹងថា ជនរងគ្រោះជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនធ្លាប់ជាប់ពន្ធនាគារ និងចូលមណ្ឌលកែប្រែ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយ ៕